(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី និងបារមីមានឬទ្ធិនៅវត្តកោះជុំ ដើម្បីរៀបចំទីតាំងសាងសង់ឈាបនដ្ឋាន សម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋាន ក្នុងករណីដែលមានអ្នកជំងឺកូវីដ-១៩ ទទួលមរណភាព ក្នុងកំឡុងពេលសម្រាកព្យាបាលក្នុងខេត្ត នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងសហការី ក្រុមជាងសាង់សង់ និងគណៈកម្មការអាចារ្យវត្ត។

សូមបញ្ជាក់ថា តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅពេលថ្មីៗនេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអសចុះពិនិត្យស្ថានភាពជាក់ស្តែង នៅសណ្ឋាគារមួយកន្លែង និងមន្ទីពេទ្យរដ្ឋ ដើម្បីត្រៀមសម្រាប់បម្រុងទុកជាកន្លែងព្យាបាលទី៣ នៅក្នុងខេត្តស្វាយរៀង។

កន្លងមករដ្ឋបាលខេត្តស្វាយរៀង បានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ-១៩ ចំនួន២កន្លែង នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ និង មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះឡើងនូវជំងកូវីដ-១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ វិជ្ជមាន២នាក់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជន សម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត៕