(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ -១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍ រយៈពេល២សប្តាហ៍។

ការចេញបំរាមរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តបន្ទាយមានជ័យ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនានេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ ៣ការពារ និង៣កុំ កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍»

ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមណែនាំដល់លោកអភិបាលក្រុង-ស្រុក និងលោក លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖

ទី១៖ ត្រូវតែផ្អាកជាបណ្តោះអាសន្ន នូវការអនុញ្ញាតច្បាប់ សម្រាប់រៀបចំពិធីមង្គលការជុំជប់លៀង និងការជួបជុំតាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ទី២៖ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចឱ្យគាត់លើកពេល ឬផ្អាកពិធីដែលមាន ការប្រមូលផ្តុំមនុស្សច្រើនក្នុងរយៈពេល ០២សប្តាហ៍សិន។

ទី៣៖ លិខិតរដ្ឋបាលខេត្តដែលចេញនាពេលនេះ មិនមានប្រតិកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាតម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី០៥នាក់ ក្នុងមួយតុ។

ទី៤៖ ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាក ពិធីនៃការជួបជុំនោះជាបន្ទាន់។

ទី៥៖ ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ទី៦៖ ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល ០២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀត រហូតដល់រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងឱ្យដំណើរការពិធីឡើងវិញ៕