(ស្វាយរៀង)៖ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ហាក់មានការយល់ដឹងច្រើនអំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយបានពាក់ម៉ាស នៅទីប្រជុំជន និងសំអាតដៃជាមួយអាល់កុល ឬជែលលាងដៃ តាមរយៈការអបរំ ផ្សព្វផ្សាយ របស់អាជ្ញាធរ។

ស្ត្រីម្នាក់ដែលកំពុងតែដើររកទិញទំនិញនៅក្នុងផ្សារវាលយន្ត ស្វាយរៀង ក្រុងស្វាយរៀង បានឱ្យដឹងថា ដោយមើលឃើញអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ធ្វើឱ្យពួកគាត់មានការភ័យខ្លាចនៅជំងឺដ៏កាចសាហាវនេះ ហើយបានណែនាំបងប្អូនកូនចៅឱ្យចេះការពារខ្លួនអំពីជំងឺនេះ ក្នុងនោះបានទិញម៉ាស និងអាល់កុល ដើម្បីចូលរួមបង្ការការការពារជំងឺកូវីដ-១៩ មិនឱ្យឆ្លងដល់សហគមន៍ នៅខេត្តស្វាយរៀង នោះឡើយ។

អ្នកស្រីបន្តថា ទោះបីខេត្តស្វាយរៀង មានតែស្ត្រីជនជាតិវៀតណាម២នាក់ ដែលបានឆ្លងកាត់ហើយបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ក៏ដោយតែប្រជាពលរដ្ឋនៅតែបន្តវិធានការការពារ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចអាជ្ញាធរ ក្នុងការជំរុញឱ្យមានការចូលរួមឱ្យបានខ្លាំងក្លាបន្ថែមទៀត អនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន។ ការចេញសេចក្តីជូនដំណឹងខាងលើដោយសារតែព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

តាមការសង្កេតឃើញថា ពិធីផ្សេងៗច្រើនយកចុងភៅ ឬអញ្ជើញភ្ញៀវចល័តពីកន្លែងផ្សេងធ្វើឱ្យមានហានិភ័យខ្ពស់ដែលអាចបណ្តាលឱ្យមានបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃខេត្តស្វាយរៀង៕