(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង សម្រេចផ្អាកជាបណ្តោះអាសន្ន នូវដំណើរការគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន នៅស្រុកសំរោង និងស្រុកបាទី ដោយមានករណីបុគ្គលកើតជំងឺកូវីដ-១៩ ម្នាក់ មកចូលរួមពិធីមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ការសម្រេចផ្អាក ជាបណ្តោះអាសន្ននូវដំណើរការគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន នៅស្រុកសំរោង និងស្រុកបាទីនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ក្រោយទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែមីនានេះ អាជ្ញាធរខេត្តតាកែវ សម្រេចបិទភូមិដែលបុគ្គល កក្កដា សោភ័ណ្ឌ មានជំងឺកូវីដ-១៩ មកចូលរួមពិធីអាពាហ៍ពិពាហ៍ និងរកឃើញអ្នកប៉ះពាល់ជិត ៤០០នាក់។

ជុំវិញករណីនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានចុះណែនាំដល់អាជ្ញាធរស្រុកសំរោង និងស្រុកបាទី ដែលមានមនុស្សប៉ះពាល់ផ្ទាល់ និងដោយប្រយោល ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានចូលរួមពិធីមង្គលការនៅក្នុងស្រុកសំរោង ដោយបានបញ្ជាដល់អាជ្ញាធរស្រុកឱ្យបិទជាបណ្ដោះអាសន្ន នៅទីតាំងមួយចំនួនដែលអ្នកជំងឺកូវីដ-១៩ បានធ្វើដំណើរទៅលេងមុននឹងចូលរួម នៅក្នុងពិធីមង្គលការ ដោយជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសអាជ្ញាធរត្រូវធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ចំពោះអ្នកប៉ះពាល់ផ្ទាល់ ដើម្បីយកសំណាកពួកគេ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងត្រូវណែនាំឱ្យអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវធ្វើចត្តាឡីស័ក ឱ្យគ្រប់ចំនួន១៤ថ្ងៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ថ្មីៗនេះ បុគ្គល កក្ដដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភក្តិ របស់ខ្លួននៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីបង្គលការនេះ មានអ្នកចូលរួមប្រមាណ ៣០០នាក់។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី ដែលលទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រោយបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាពនានារបស់ខ្លួនតាមបណ្តាញ Facebook និងបណ្តាញ Tiktok ទីបំផុតបុគ្គល កក្កដា សុភ័ណ្ឌ នាថ្ងៃទី១៤ ខែមីនាម្សិលមិញ បានប្រកាសតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា មាន «វិជ្ជមានកូវីដ១៩»៕