(ភ្នំពេញ)៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានអនុភាពឲ្យអនុវត្តតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១មកម្លេះ។ នេះជាការបញ្ជាក់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ច្បាប់ថ្មីនេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីព្រឹទ្ធសភាឱ្យយោបល់គាំទ្រប៉ុន្មានម៉ោង។ យោងតាមមាត្រា១៨ នៃអវសាប្បញ្ញតិ្ត ក្នុងជំពូកទី៦ កំណត់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសជាការប្រញាប់។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំចង់បញ្ជាក់ជូនថា ច្បាប់នេះយើងធ្វើក្នុងស្ថានភាពបន្ទាន់ ហើយបទបញ្ញត្តិចុងក្រោយ គឺច្បាប់នេះត្រូវប្រកាសជាការប្រញាប់ មានន័យថា ច្បាប់នេះចូលជាធរមានភ្លាម ក្រោយប្រកាសឲ្យប្រើ។ ភ្លាមប្រកាសឲ្យប្រើហ្នឹង បានន័យថា ប្រកាសឲ្យប្រើថ្ងៃទី១១ (ខែមីនា ២០២១) ត្រូវអនុវត្តចាប់ពីម៉ោងដំបូង នៃថ្ងៃទី១២ (ខែមីនា ២០២១) តែម្តង»

លោកបន្តថា «ម្យ៉ាងទៀត ច្បាប់នេះយើងធ្វើចំពេលវេលានៃការឆ្លងកូវីដ១៩ ក្នុងសហគមន៍ ២កុម្ភៈ។ អញ្ចឹងបើសិនជាទុកពេលផ្សព្វផ្សាយ ១ ឬ២ឆ្នាំ ដើម្បីអនុវត្តនោះ វាលែងមានអត្ថន័យហើយ»

សូមជម្រាបថា កន្លងមកអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងវិធានការរដ្ឋបាលមួយចំនួនទៀត គឺជាយន្តការចម្បងដើម្បីចាប់បង្ខំឲ្យបុគ្គលទាំងឡាយណា ដែលបំពានវិធានការរាជរដ្ឋាភិបាល ទទួលរងនូវការពិន័យ។

ការប្រើត្រឹមអនុក្រឹត្យ នៅមានមនុស្សជាច្រើន បាន និងបំពានវិធានការរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងកើតមានបច្ចុប្បន្ននេះ។ ប្រការនេះ ធ្វើឲ្យរាជរដ្ឋាភិបាល សម្រេចបង្កើតច្បាប់ថ្មីមួយ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងគោលដៅទប់ស្កាត់ជំងឺឆ្លង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ច្បាប់នេះក៏បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ៕