(សៀមរាប)៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកអង្គរធំ ដឹកនាំដោយលោក ឡុង រដ្ឋារក្ស បានយកអំណោយជាគឿងឧបភោគ និងសម្ភារមួយចំនួន ទៅចែកជូនពលករដែលកំពុងស្នាក់នៅតាមមណ្ឌលចត្ដាឡីស័កចំនួន៤ក្នុងស្រុកអង្គរធំ។ អំណោយទាំងនោះ គឺបានមកពីក្រុមការងារចុះជួយស្រុក សហការជាមួយរដ្ឋបាលស្រុកអង្គរធំ។

បើតាមការបញ្ជាក់ពីលោក ឡុង រដ្ឋារក្ស បានបញ្ជាក់ថា រដ្ឋបាលស្រុកតាមការណែនាំពីថ្នាក់ដឹកនាំ បានត្រៀមទីតាំងចំនួន៩ សម្រាប់ធ្វើចត្ដាឡីស័កដល់ពលករដែលត្រឡប់ពីប្រទេសថៃ។ យ៉ាងណាគិតត្រឹមថ្ងៃនេះ គឺមានការប្រើប្រាស់មណ្ឌលចត្ដាឡីស័កតែចំនួន៤ប៉ុណ្ណោះ ដោយសារការវិលត្រឡប់របស់ពលករមានចំនួនតិចតួចនៅឡើយ។

ជាមួយគ្នានេះ តាមតួលេខដែលលោកអភិបាលស្រុកបានបញ្ជាក់ថា គិតចាប់ពីមុនផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ រហូតមកដល់ថ្ងៃទី១៤ មីនា រដ្ឋបាលស្រុកទទួលបានពលករចំនួន ៥០៣នាក់ហើយ ដែលនាំយកមកពីចត្ដាឡីស័ក ក្នុងនោះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ មីនា ក្រោយប្រមុខរាជរដ្ឋាភិបាលសម្រេចលែងឱ្យពលករដែលមានសុខភាពធម្មតាធ្វើចត្ដាឡីស័កតាមមណ្ឌលជាប់ព្រំដែនបន្តទៀត គឺរដ្ឋបាលស្រុកអង្គរធំ ទទួលបានពលករត្រឹមតែ៣៤នាក់ប៉ុណ្ណោះ។

លោក ឡុង រដ្ឋារក្ស រៀបរាប់ថា ពលករទាំង៣៤នាក់នោះ មាន៥នាក់នៅឃុំលាងដៃ ៤នាក់នៅឃុំស្វាយចេក ២នាក់នៅឃុំពាក់ស្នែង និង១៣នាក់នៅឃុំជប់តាត្រាវ។ មកដល់បច្ចុប្បន្ននេះ គឺនៅសល់ពលករ២៤នាក់ទៀត ដែលកំពុងបន្តធ្វើចត្ដាឡីស័ករហូតដល់កំណត់១៤ថ្ងៃ។ លោកបន្ថែមថា មូលហេតុដោយសារពលករមួយចំនួន បានវិលត្រឡប់មកស្រុកវិញមុនផ្ទុះព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

លើសពីនេះ លោកអភិបាលស្រុក ក៏មិនភ្លេចបន្តណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលនៅតែបន្តការឆ្លងរាលដាល និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» ជាពិសេសកុំចេញក្រៅផ្ទះបើមិនចាំបាច់ ហើយបើមានការចាំត្រូវចេញទៅក្រៅត្រូវពាក់ម៉ាស់ជានិច្ច និងលាងដៃឱ្យបានញឹកញាប់៕