(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន៣នាក់ទៀត ដែលជាអ្នករស់នៅជាមួយក្រុមរាំតារាចម្រៀង សុគន្ធ នីសា ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងបន្តធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ។

ជាមួយគ្នានេះ ទីទាំង៩កន្លែងទៀត ត្រូវបានរកឃើញមានការពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩។ ដោយឡែកទីតាំងចត្តាឡីស័ក ៣កន្លែង (ផ្ទះអ្នកជំងឺកូវីដ១៩) ឈ្មោះ ឡាយ គា, ឈ្មោះ Ho Ming Jie និងឈ្មោះ សួស តូនី ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបើកដំណើរការឡើងវិញជាធម្មតា។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ (ស្ត្រីអាយុ៤៧ឆ្នាំ, បុរសអាយុ៣០ឆ្នាំ, និងកុមារីអាយុ១២ឆ្នាំ) ចំនួន៣នាក់ទៀត ដែលជាស្នាក់នៅជាមួយសមាជិកក្រុមរាំតារាចម្រៀង សុគន្ធ នីសា និងបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke) ហើយអ្នកពាក់ព័ន្ធផ្សេងទៀតក៏កំពុងបន្តធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ បន្ទាប់ពីសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន ស្ថិតនៅចំណុចជិតផ្សារសាំហាន់ដដែល ផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ បានបើកជាសាធារណៈឡើងវិញនូវទីតាំងចត្តាឡីស័ក ពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ចំនួន៣កន្លែងហើយ កាលពីរសៀលថ្ងៃទី០៩ និងយប់ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២១ ក្រោយក្រុមការងារក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កតាមផ្ទះ១៤ថ្ងៃ រួមមាន៖

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ គា នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ Ho Ming Jie នៅផ្ទះលេខ១០៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។

*ទីតាំងអ្នកជំងឺកូវីដ១៩ ឈ្មោះ សួស តូនី នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។

លោក ជា ពិសី បញ្ជាក់ទៀតថា សម្រាប់ទីតាំងចត្តាឡីស័ក នៅមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ ក្រោយពីក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ចំនួន៩កន្លែងដដែល រួមមាន៖

*ទីតាំងក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងផ្ទះលេខ២៣ដេ ផ្លូវលេខ៩៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

*ទីតាំងនៅជិតផ្សារសាំហាន់ ផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (បុរស ជាក្រុមរាំតារាចម្រៀង សុគន្ធ នីសា)។

*ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ដែលមានអ្នកអាយុ៤០ឆ្នាំ មុខរបរតន្ត្រីករ មានអ្នកពាក់ព័ន្ធ ១០នាក់ (ស្រី០៦នាក់)។

*ទីតាំងផ្ទះឈ្មោះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។

*ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ដែលមានអ្នកជម្ងឺឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ មុខរបរតារាចម្រៀង និងមានអ្នកពាក់ព័ន្ធ០៥នាក់ (ស្រី០៤នាក់)។

*ទីតាំងផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នៅជិតផ្សារសាំហាន់ (បុរសវ័យ២២ឆ្នាំក្រុមរាំតារាចម្រៀង សុគន្ធ នីសា)។

*ទីតាំងចុងក្រោយ ផ្ទះជួលគ្មានលេខ ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (ស្ត្រីអាយុ២៥ឆ្នាំ)៕