(ភ្នំពេញ)៖ បណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែន លើវិស័យធុរកិច្ច ដោយសារតែវិស័យមួយចំនួនត្រូវបានបិទទ្វារ មិនដំណើរការ។

ចំណែកឯងវិស័យសេដ្ឋកិច្ចនៅកម្ពុជាវិញ ត្រូវបានព្យាករណ៍ថា មិនអាចសម្រេចបានកំណើន៤ភាគរយ ដូចការព្យាការណ៍ទុកនេះទេ ប្រសិនបើជំងឺកូវីដ១៩នេះ នៅបន្ដអូសបន្លាយរយៈពេលយូរ និងមានចំនួនអ្នកឆ្លងជំងឺច្រើន។

ការឲ្យដឹងរបស់លោក ឆេង គឹមឡុង ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ក្រោមប្រធានបទស្ដីពី «ផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើង នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ព្រឹតិ្តការណ៍២០កុម្ភៈ»។

ថ្លែងក្នុងកិច្ចសម្ភាន៍នេះលោក ឆេង គឹមឡុង បានថ្លែងថា ព្រឹត្តិការណ៍២០កុម្ភៈនេះ ជាព្រឹត្តិការណ៍មួយដែលចាប់អារម្មណ៍ខ្លាំង ដោយសារព្រឹត្តិការណ៍នេះបានជះឥទ្ធិពល និងផលប៉ះពាល់លើសុខភាពសាធារណៈ, វិស័យធុរកិច្ច , វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

លោកបានបន្ដថា រហូតមកដល់ពេលនេះ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមបណ្ដាខេត្តនានា និងតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមាន គួរឲ្យកត់សំគាល់។ ជាក់ស្ដែងប៉ះខ្លាំងលើវិស័យធុរកិច្ច ក្នុងនោះហាងមួយចំនួនត្រូវបានបិទទ្វា ហាងមួយចំនួនទៀត ចាប់ផ្ដើមបន្ថយម៉ោងធ្វើការជាដើម។

លោកបានបន្ថែមថា «ការអាក់ខានធុរកិច្ចទាំងនេះ បានប៉ះពាល់ដល់ចំណូលរបស់ប្រជាជន ចំណូលសហគ្រាសធុនតូច និងមធ្យម ប៉ះពាល់ដល់អាជីវកម្មខ្នាតគ្រួសារ។ ក្នុងនោះក៏បានប៉ះពាល់លើផ្នែកដឹកជញ្ជូន, ផ្នែកទេសចរណ៍ ការបិទកន្លែងអាជីវកម្ម ភោជនីយដ្ឋានជាបន្ដបន្ទាប់ ដើម្បីគោរពតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់កុំឲ្យមានឆ្លងរាលដាលជាសហគមន៍ និងប៉ះពាល់សុខភាពរបស់ប្រជាជនកម្ពុជា»

លោកបានបញ្ជាក់ថា បន្ទាប់ពីបិទកន្លែងអាជីវកម្មមួយចំនួនឃើញថា តំបន់មួយចំនួនទៀត ក៏ទទួលរងផលប៉ះពាល់ផងដែរ។ លោកបញ្ជាក់ថា «កម្រិតនៃការប៉ះពាល់នៃការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩លើកទី ៣ ឬសហគមន៍២០កុម្ភៈនេះ អាចមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍លើកទី១ និងលើកទី២ទៅទៀត»

លោកបានបន្ថែមថា មើលលើវិស័យសេដ្ឋកិច្ច នៃប្រទេសកម្ពុជាវិញ ខ្ញុំយល់ឃើញថា បើមើលពីសន្ទុះនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងមើលលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការធានាការគ្រប់គ្រង បានសភាពការឆ្លងនេះឃើញថា វិស័យធំៗមួយចំនួនពិតជា ទទួលរងផលប៉ះពាល់ ក្នុងប៉ះខ្លាំងជាងគេ គឺវិស័យទេសចរណ៍ ចំណែកអាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់រួមវិស័យផលិតកម្ម ដើម្បីនាំចេញក៏ទទួលរងផលប៉ះពាល់ វិស័យសំណង់, អចលនវត្ថុក៏ទទួលផលប៉ះពាល់។ និយាយជារួមវិស័យធំៗក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច បាននិងកំពុងយាយីរំខាន ដូច្នេះនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

លោកបានបន្ដថា មើលលើការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ឆ្នាំ២០២១សេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើង៤ភាគរយ យ៉ាងតិចណាក៏៣.៥ភាគរយដែរ។ បន្ទាប់ពីការផ្ទុះឡើងនៃការរីករាលដាល នៃជំងឺកូវីដ១៩លើកទី៣នេះ ខ្ញុំគិតថាសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ អាចនឹងមិនដូចការរំពឹងទុកនោះទេ នេះបើក្នុងករណីថា ការឆ្លងរាលដាលនៃជំងឺបន្ដប្រមាណ១ខែទៀត និងចំនួនអ្នកឆ្លងនៅបន្ដកើនឡើង។

លោកបញ្ជាក់ថា ការបន្ដអូសបន្លាយ និងការបន្ដកើនឡើងនៃចំនួនអ្នកឆ្លង នឹងធ្វើឲ្យអាក់ខានដល់ខ្សែចង្វាក់ផលិតកម្ម ប៉ះពាល់ដល់ចរាចរណ៍ទំនិញ ប៉ះពាល់ដល់ការប្រកបអាជីវកម្ម របស់ពលរដ្ឋ ក៏ដូចជាសកម្មភាពសង្គម ក្នុងការដើរហើរជាដើមនេះ នឹងធ្វើឲ្យវិស័យសេដ្ឋកិច្ច មិនអាចសម្រេចបាន៤ភាគរយ ដូចការព្យាករណ៍ទុកនោះទេ ដែលអាចសម្រេចបានត្រឹម៣ភាគរយ ឬថយចុះជាងនេះប្រសិនបើជំងឺនេះ នៅបន្ដអូសបន្លាយរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ៕