(ព្រះសីហនុ)៖ សណ្ឋាគារចំនួន៥កន្លែងទៀតហើយ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយរកមិនឃើញមានអ្នកពាក់ព័ន្ធ នៅកន្លែងនោះទៀត។ នេះបើតាមលិខិតអនុញ្ញាតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ក្នុងលិខិតរបស់អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារទាំង៥កន្លែង ដែលបញ្ចប់ការធ្វើចត្តាឡីស័កនោះរួមមាន៖ អគារស្នាក់នៅរួម «សម្បត្តិ» នៅផ្លូវលេខ១២៤ ភូមិ៤ សង្កាត់លេខ៤, សណ្ឋាគារ-ភោជនីយដ្ឋានជូហៃតាង នៅភូមិ៣ សង្កាត់លេខ១, អគារស្នាក់នៅរួម «១០០» នៅផ្លូវលេខ១២៤ ភូមិ៣ សង្កាត់លេខ៤, មន្ទីរពេទ្យឯកជន ថៃខាង នៅលើវិថីឯករាជ្យ (ផ្លូវលេខ១០០) សង្កាត់លេខ៤ និងអគារស្នាក់នៅរួម «៧៨» នៅផ្លូវលេខ១២៥ ភូមិ១ សង្កាត់លេខ៣។

បើទោះបីអនុញ្ញាត ឲ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែលោក គួច ចំរើន បានណែនាំឲ្យអ្នកគ្រប់គ្រង ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា ដោយសារតែស្ថានភាពនៅខេត្តព្រះសីហនុ ហាក់មានការធូរស្រាល ដោយប៉ុន្មានថ្ងៃមកនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបន្ថែមទៀតនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យទីតាំងដែលមានការពាក់់ព័ន្ធកន្លងទៅ បើកដំណើរការវិញជាបន្ដបន្ទាប់។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕