(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន ការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ គួរព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងកូវីដ-១៩ នៅតែរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈមបែបនេះ រដ្ឋបាលខេត្តបានសង្កេតឃើញថា ការរៀបចំពិធីផ្សេងៗក៏បានធ្វើឡើងជាបន្តបន្ទាប់ ដែលមានការចល័តមនុស្សពីកន្លែងផ្សេងៗ ចូលមកក្នុងខេត្ត ដូចជា ចុងភៅ, ក្រុមសិល្បៈតន្ត្រី, អាចារ្យ និងក្រុមសំអាង និងភ្ញៀវកិត្តិយសមកចូលរួមផងដែរ ធ្វើឲ្យមានហានិភ័យខ្ពស់ ដែលអាចបណ្តាលឲ្យមានការឆ្លងរីករាលដាលនៃវីដ-១៩ ចូលក្នុងសហគមន៍ នៃខេត្តមណ្ឌលគិរី។

សេចក្តីជូនដំណឹងសង្កត់ធ្ងន់ថា «រដ្ឋបាលខេត្តសូមផ្អាក ជាបណ្តោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ត្រូវបានបញ្ចប់ និងមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត។ ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណី ប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ដោយត្រូវកាត់បន្ថយមនុស្សចូលរួមឲ្យនៅកំរិតទាបបំផុត»

រដ្ឋបាលខេត្តមណ្ឌលគិរី ថែមទាំងសង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងមានការយោគយល់ និងសូមមេត្តាចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕