(កណ្តាល)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។

ពិធីបើកការដ្ឋានទី២នេះ មានការរៀបចំពិធីក្រុងពលីតាមបែបព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសប្បាយម្ចាស់ទឹក ម្ចាស់ដី ជូនដល់ក្រុមការងារ។ ការបើកការដ្ឋានស្រង់នាវាចម្លងផ្ទុកសម្ភារសឹកនេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម, ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងអាជ្ញាធរខេត្តកណ្តាល ជាច្រើនរូប ផងដែរ។

សម្រាប់ការដ្ឋានទី២នេះ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។

បើតាមនាយឧត្តមសេនីយ៍ នាង ផាត, ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

ការបើកការដ្ឋានដើម្បីស្រង់នាវាចម្លងផ្ទុកសម្ភារសឹកលិចសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន បានធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញរបស់កម្ពុជា បានបើកប្រតិបត្តិការស្រង់នាវាម៉ារីនមួយគ្រឿង ដែលផ្ទុកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើមតោន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកជាបន្តបន្ទាប់។

បើតាមនាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ទីតាំងសម្តេចតេជោ ហ៊ុន សែន បានអញ្ញាតឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិល រួមមាន៖

ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។

ទីតាំងទី២៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។

និងទីតាំងទី៣៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣៕