(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌចំការមន នៃស្នងការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមចោរប្រុស-ស្រីចំនួន ០៣នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មគាស់ផ្ទះប្រជាពលរដ្ឋ ទៅកាន់សាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់។ សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមចោរទាំង ៣នាក់នេះរួមមានទី១៖ ឈ្មោះ ដួង ដារ៉ា ហៅអាខ្វៃ អាយុ២៧ឆ្នាំ ២៖ ឈ្មោះ ហេង គឹមលាង ហៅ ជី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបក្រុមចោរគាស់ផ្ទះយ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

មុខសញ្ញាជំនាញគាស់ផ្ទះចំនួន០៣នាក់នេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បើកការស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបបានរហូតឈានដល់ការឃាត់ខ្លួនចំនួន ០៣នាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន ១កញ្ចប់តូច សង្ស័យជាសារធាតុញៀន។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានដកហូត វត្ថុតាងចាប់យកមានកន្រ្តៃធំ១, តួលឺវីសចំនួន៧, ដង្កាប់ចំនួន២, សោទីបចំនួន៣, ញញួរ១, ម្សៅក្រាមសថ្លាចំនួន ៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១។

ជនសង្ស័យបានយកគ្រឿង អលង្ការពេជ្រ ទ្រព្យសម្បត្តិ និងម៉ូតូ ដែលលួចបាននោះយកទៅលក់ចែកគ្នាស៊ីចាយអស់ហើយ មុនពេលសមត្ថកិច្ចបង្រ្កាបបាន គឺយកទៅលេងល្បែង និងជក់គ្រឿងញៀន៕