(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»

សន្និសីទនេះធ្វើឡើងដើម្បីបង្ហាញពីគោលបំណង និងភាពច្បាប់ចាំបាច់នៃការបង្កើតឡើងនៃច្បាប់ «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ ច្បាប់នេះមាន ៦ជំពូក និង ១៨មាត្រា។

ច្បាប់នេះត្រូវបានឡើងដើម្បីកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឹឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងច្បាប់នេះ គេបានចាប់អារម្មណ៍ចំពោះកម្រិតផាកពិន័យ និងការផ្តន្ទាទោសធ្ងន់ធ្ងរចំពោះជនទាំងឡាយ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលមិនចូលរួមគោរពនូវវិធានការរបស់អាជ្ញាធរក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺឆ្លង ឬបង្កឱ្យមានការឆ្លងនៃជំងឺទៅកាន់ជនដទៃ។ ក្នុងនោះពិន័យជាប្រាក់មានចាប់ពី ២លានរៀល រហូតដល់ទៅ ២០លានរៀល ហើយការដាក់ពន្ធនាគារមានចាប់ពី ៦ខែ ដល់ទៅ ២០ឆ្នាំ។

ច្បាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួនសម្តែងប្រតិកម្មផងដែរ។ ពួកគេបានលើកឡើងថា ការបង្កើតច្បាប់នេះ ជាការដាក់ទម្ងន់មួយបន្ថែមទៀតទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ។

លោក កើត រិទ្ធ ធ្លាប់បានគូសបញ្ជាក់នៅចំពោះមុខសភាថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។

លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ»

លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមថា «សម្រាប់ប្រជាពលរដ្ឋដែលគោរពតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាលធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍របស់យើងអាចវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ច្បាប់នេះអត់យកទៅអនុវត្តន៍ចំពោះពួកគាត់ទេ។ ទោសបញ្ញត្តិនេះ គេអនុវត្តន៍តែចំពោះជនខិលខូច ចំពោះជនទុច្ចរិត ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ»។

ឆ្លើយតបក្រុមសិទ្ធិមនុស្សដែលប្រតិកម្មនោះ លោក កើត រិទ្ធ បានចោទជាសំណួរថា បង្កើតច្បាប់ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ បង្កើតច្បាប់ដើម្បីកម្ចាត់ជនទុច្ចរិត តើខុសដែរអី?

សូមបញ្ជាក់ថា ច្បាប់ជំងឹកូវីដ១៩ ដែលដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែមីនា នេះ បានកំណត់ទោសបញ្ញត្តិធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជាកម្រិតផាកពិន័យ និងដាក់ពន្ធនាគារ ចំពោះអ្នកប្រព្រឹត្តនឹងវិធានទាំងឡាយដាក់ចេញដោយអាជ្ញាធរ។

* មាត្រា៧ បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក៖ មាត្រានេះ បានចែងថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០ (ដប់លាន)រៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

* មាត្រា៨ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល៖ មាត្រានេះ ចែងថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

* មាត្រា៩ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ៖ មាត្រានេះចែងថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង៕