(ភ្នំពេញ)៖ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ឆ្នាំ២០១៥កន្លងទៅ ខ្លួនបានចេញលិខិតអនុញ្ញាត​ឲ្យសាងសង់​នៅទូទាំង​ប្រទេសចំនួន ២.៣០៥គម្រោង លើផ្ទៃដីជាង ៧លាន​ម៉ែត្រការេ។ គម្រោងសាងសង់​ជាង ២ពាន់គម្រោង ដែលអនុញ្ញាត ឲ្យសាងសង់នេះ មានទុនវិនិយោគ​ប្រមាណ ៣,៣៣៨លានដុល្លារអាមេរិក កើន ៣៣,១ភាគរយ បើធៀបនិង​ឆ្នាំ២០១៤។

របាយការណ៍បានឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០១៥ មានជនបរទេសទិញផ្ទះ ៤៨០ឯកតា (Units) ក្នុងមួយឯកតាតម្លៃជាមធ្យមប្រមាណ ១០ម៉ឺនដុល្លារ។ ផ្ទះ ដែលជនបរទេសទិញនេះ មានតម្លៃសរុបជាង ៤៨លានដុល្លារអាមេរិក។

របាយការណ៍បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៥ វិស័យសំណង់ បានបង្កើតការងារជូនប្រជាពល​រដ្ឋកើន​ឡើងទ្វេដង។ គិតជាមធ្យមវិស័យ​សំណង់នេះ បានផ្តល់ការងារជូន​ប្រជាពលរដ្ឋ​ប្រមាណប្រមាណ ២០៨,២៩០នាក់ ទៅ ២៥១,៤៩០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានី​ភ្នំពេញ មានចំនួនកម្មករ​ប្រមាណពី ៩៦,៥០០នាក់ ទៅ ១០៨,៥០០នាក់ក្នុងមួយថ្ងៃ។

របាយការណ៍បន្តថា តាមរយៈការសិក្សាស្រាវជ្រាវតម្លៃ​ពលកម្មសម្រាប់​កម្មករគ្មាន​ជំនាញក្នុងមួយថ្ងៃទទួលបាន ២៤,០០០រៀល ដល់ ៣៥,០០០រៀល កម្មករមានជំនាញ និងមេជាង ក្នុងមួយថ្ងៃទ​ទួល​បាន ៥០,០០០រៀល ដល់ ៦០,០០០រៀល។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ទទួលបានបៀវត្សរ៍ពី ៣៥០ដុល្លារ ដល់ ២,០០០ដុល្លារអាមេរិក ក្នុងមួយខែ។

បើទោះបីជាយ៉ាងវិស័យសំណង់នេះ ក៏បានប្រឈមនឹងបញ្ហាប្រឈមមួយចំនួនផងដែរ មានដូចជា៖
- ម្ចាស់សំណង់មួយចំនួនបានដំណើរ​ការសាងសង់ ដោយពុំសុំលិខិតអនុញ្ញាតសាងសង់ ឬសាងសង់មុនទទួលបាន​លិខិតអនុញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាត​ពីស្ថាប័នមានសមត្ថកិច្ច ដែល​ករណី​នេះ បង្កឲ្យមានទំនាស់ជាមួយអ្នកជិតខាង ប៉ះពាល់ដល់​សោភ័ណភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។

- ម្ចាស់សំណង់មួយចំនួនពុំព្រមអនុវត្តតាមសេចក្តីណែនាំឲ្យកែលំអ និងកែតម្រូវបណ្តាលឲ្យមានការសាងសង់ខុសពីលិខិតអនុញ្ញាតជាអាទិ៍ ខុសគម្លាត ខុសកម្ពស់ ឬរំលោភលើដីសាធារណៈ ដែលជា​ទូទៅក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ ក្រសួងតែងតែមានចែងក្នុងលិខិតអនុញ្ញាតសាងសង់ ដោយណែនាំឲ្យម្ចាស់គម្រោងសាងសង់កែលំអ និងកែតម្រូវចំណុចខ្លះ នៃប្លង់ស្ថាបត្យកម្ម ដោយហេតុ​ថា គំនូរប្លង់ ដែលបានស្នើសុំច្រើនតែមានកង្វះខាត និងកំហុសឆ្គងលើលក្ខណៈ​បច្ចេកទេស ដែលចាំបាច់ត្រូវកែសម្រួល​ឲ្យស្របតាម​បទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន។

- នៅតែមានការជួសជុល ការកែលំអ ការផ្លាស់ប្តូរទ្រង់ទ្រាយប្រភេទអគារ ការប្រើប្រាស់ខុសមុខងារអគារ មិនបានគិតគូរពីគ្រឿងផ្គុំសំណង់ នៃអគារ និងពុំបានធ្វើកោសល្យវិច័យអគារឲ្យបានត្រឹមត្រូវ។

- ការដ្ឋានសំណង់ខ្លះ ពុំមានរបងហ៊ុព័ទ្ធការដ្ឋាន ឬរៀបចំរបាំងសុវត្ថិភាពមិនបានត្រឹមត្រូវ ឬបានធ្វើរបងរំលោភលើដីសាធារណៈបម្រើឲ្យការងារសំណង់របស់ខ្លួន ឬ ធ្វើជាជម្រកឲ្យកម្មករ សំណង់ ស្នាក់នៅ ឬ ទុកដាក់សម្ភារៈបរិក្ខារសំណង់ ដែលកត្តាទាំងនេះ ធ្វើឲ្យខូចរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ៕