(ភ្នំពេញ)៖ លោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនគ្រួសារនៃសពលោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សៅ វណ្ណា ជាមនុស្សដំបូងគេ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០៖៤០នាទីព្រឹក ដោយសារកូវីដ-១៩ ក្នុងជន្មាយុ៥០ឆ្នាំ។

ក្នុងឱកាសនេះដែរ លោកអភិបាលរងខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ អភិបាលរាជធានីភ្នំពេញ និងបានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំសោកស្តាយ និងអាលោះអាល័យជាទីបំផុត។

លោក ឌីរ័ត្ន ខេមរុណ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅលោកអភិបាលខណ្ឌ ជួយពិនិត្យថែទាំ និងសម្រួលដល់ស្ថានភាពជីវភាពគ្រួសារសពឲ្យបានសមរម្យផងដែរ។

លោកអភិបាលរងខណ្ឌមានជ័យ បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ៥,០០០,០០០រៀល និងអង្ករ៨បាវ ស្មើ២០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត៕