(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពី «ពន្ធលើចំណេញមូលធន» ដែលមានវិសាលភាពកំណត់យក លើចំណេញមូលធន ចំពោះតែរូបវន្តបុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន (ជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមិនមែន ជាអ្នកជាប់ពន្ធនិវាសនជន) តាមអត្រា ២០%នៃចំណេញមូលធន ពោលគឺចំណេញដែលសម្រេចបានពីការលក់ឬផ្ទេរ មូលធន៦ប្រភេទរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ពន្ធលើចំណេញមូលធន» ដើម្បីផ្សព្វផ្សាយនូវពន្ធនេះជូនដល់ភាគីពាក់ព័ន្ធ។

បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធារ បានបញ្ជាក់ថា ពន្ធលើចំណេញមូលធន ត្រូវបានលើកលែង ចំពោះការលក់ ឬផ្ទេរមូលធនមួយចំនួនរួមមាន៖

១៖ ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ

២៖ ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ

៣៖ និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំ មុនពេលលក់ឬផ្ទេរ។ ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម ។

៤៖ អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ។

៥៖ ទ្រព្យដែលត្រូវបានលក់ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។

លោកបន្តថា បន្ថែមលើនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធ លើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ។

លោកពន្យល់ថា រីឯនីតិបុគ្គលនិវាសនជន ដែលបានចុះបញ្ជីពន្ធដារ និងប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរួចរាល់ មិនមានបន្ទុកពន្ធនេះបន្ថែមទៀតទេ។
ពន្ធលើចំណេញមូលធន ប្រមូលលើចំណេញមូលធន ដែលសម្រេចបាននៅពេលមានប្រតិបត្តិការលក់ ឬផ្ទេរមូលធន ដែលមានចំណេញប៉ុណ្ណោះ ក្នុងករណីមិនមានចំណេញ គឺមិនមានកាតព្វកិច្ចបង់ពន្ធនេះទេ។ ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០% ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០% នៃប្រាក់ចំណូល ដែលទទួលបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយ ដែលបានកើតឡើងជាក់ស្តែង។

ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ ទី១). នឹងធានាបាននូវសមធម៌ នៃការបង់ពន្ធដែលនីតិបុគ្គល បានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវរបបស័្វយប្រកាស និងធានានូវការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស នឹងធានានូវចីរភាព នៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ,២). និងពង្រឹងបាននូវស្ថិរភាព តម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យ ក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ផងដែរថា ពន្ធលើចំណេញមូលធន គ្រោងនឹងអនុវត្តចាប់ពីដើមឆ្នាំ ២០២២ ខាងមុខ៕