(ប៉ៃលិន)៖ យ៉ាងហោចណាស់មានមនុស្ស ៦៥នាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានអាការៈរាគរួស និងក្អួតចង្អោរ ដែលសង្ស័យបណ្តាលមកពីពុលបង្អែម ដែលយកមកពីរោងការមួយកន្លែង កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ នេះបើតាមលោក កែវ រំដេត មេឃុំស្ទឹងត្រង់ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

លោក កែវ រំដេត បានឲ្យដឹងថា ក្រោយពីបានចូលរួមហូបអាហារពេលយប់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយអ្នកខ្លះបានហូបបង្អែម ហើយខ្លះទៀតបានយកបង្អែមទៅផ្ញើឪពុក ម្តាយ ប្តី ប្រពន្ធ និងកូន នៅឯផ្ទះ ស្រាប់តែពួកគាត់មានអាការ: ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរួសជាខ្លាំង រហូតដល់ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងគ្លីនិកឯកជន។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ខណ:គេសង្ស័យថា នៅក្នុងបង្អែមនៃពិធីមង្គលការនោះមានសារធាតុពុល។

ហេតុការណ៍ប្រជាពលរដ្ឋ កើតបញ្ហារាគរួសក្អួតចង្អោរ សង្ស័យពុលបង្អែមយកមកពីរោងការនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិកូនដំរី ភូមិដីស ភូមិអូរគន្ធៀងវ៉ា ភូមិភ្នំព្រាល និងភូមិផ្សេងៗ ជាច្រើនទៀត សរុបចំនួន ៦៥នាក់។ មកដល់ពេលនេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កំពុងតែនាំគ្នាធ្វើការពិនិត្យទៅលើម្ហូបអាហារ និងបង្អែមទាំងនោះយ៉ាងយកចិត្តទុកដាក់។

លោក កែវ រំដេត មេឃុំស្ទឹងត្រង់ បានរៀបរាប់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋទាំង៦៥នាក់ ខាងលើ ដែលគេសង្ស័យពុលបង្អែមនេះ មានអ្នកខ្លះធ្ងន់ធ្ងរ រហូតដល់ព្យួរសេរ៉ូម អ្នកខ្លះស្រាល គ្រាន់តែចាក់ថ្នាំ និងសម្រាកនៅក្នុងពេទ្យបន្តិចក៏ត្រឡប់ទៅផ្ទះវិញ។ លោកបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែភ្ញៀវ និងអ្នកភូមិពុលប៉ុណ្ណោះទេ សូម្បីតែកូនម្ចាស់កម្មវិធី ដែលរៀបអាពាហ៍ពិពាហ៍ក៏ពុលផងដែរ៕