(ព្រះសីហនុ)៖ បុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងមានគោលដៅពីខេត្តព្រះសីហនុ ទៅខេត្តកំពត ហើយបានជិះគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍ ចំនួន ១លានរៀល។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

របាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ជនដែលរងការពិន័យនេះ មានឈ្មោះ ភុល សារ៉ូ ភេទប្រុស ដែលបានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-1335 គេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។

អនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ កំណត់ឱ្យផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

របាយការណ៍បន្ថែមថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

អាជ្ញាធរស្រុកព្រៃនប់ ថែមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕