(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានឱ្យដឹងថា នៅចុងខែមីនា ខាងមុខនេះ កម្លាំងជំនាញនឹងស្រង់គ្រាប់យុទ្ធភ័ណ្ឌក្នុងនាវាចម្បាំងរួចរាល់ ហើយនៅសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២១ នឹងបញ្ចប់ទាំងស្រុងដោយស្រង់នាវាមកលើគោកតែម្តង។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «តាមការគ្រោងទុកនៅចុងខែមីនា ឆ្នាំ២០២១ កិច្ចប្រតិបត្តិការសំអាតនៅក្នុងនាវាកំពុងបន្ត តាមលទ្ធផលជាក់ស្តែង ប្រតិបត្តិការស្រង់គ្រាប់នៅក្នុងនាវានឹងបញ្ចប់ត្រឹមរយៈពេល១០ថ្ងៃទៀត ដោយឡែកគ្រាប់ដែលនៅសេសសល់ក្រៅនាវា អាចត្រូវបញ្ចប់នៅដើមសប្តាហ៍ទី១ ខែមេសាខាងមុខនេះ»

នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺជានាវាចំណាស់ កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន។ រយៈពេលជាង ៤ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារៈសឹកមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះគឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

បើតាមនាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ទីតាំងសម្តេចតេជោ ហ៊ុន សែន បានអញ្ញាតឱ្យក្រុមការងារបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិល រួមមានទី៖

ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។

ទីតាំងទី២៖ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។ សម្រាប់ទីតាំងខាងលើនេះនឹងបើកការដ្ឋាននៅថ្ងៃទី១៥ ខែមីនា ស្អែកនេះ។

ទីតាំងទី៣៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។

និងទីតាំងទី៤៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតមានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង។ តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែងផងដែរ៕