(ភ្នំពេញ)៖ ជនគេចវេះពីការធ្វើចត្តាឡីស័ក នឹងត្រូវពិន័យជាប្រាក់ប្រមាណពី ១លានរៀល ទៅ ៥លានរៀល ខណៈអ្នកជួយសម្រួលឱ្យបុគ្គលណាម្នាក់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។

ការពិន័យនេះ ត្រូវបានកំណត់នៅក្នុងអនុក្រឹត្យស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០២០មក ដើម្បីទប់ស្កាត់ការរីករាលដាល និងចម្លងជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកវិធានការចត្តាឡីស័កជារឿងសំខាន់មួយ។ ទោះបីជាយ៉ាងណា គេតែងបានឃើញបុគ្គលជាច្រើនបំពាននឹងវិធានចត្តាឡីស័ក និងលួចចេញពីមណ្ឌលចត្តាឡីស័កជាដើម។

អនុក្រឹត្យចាស់ឆ្នាំ២០១៥ ហាក់មិនបានកំណត់ច្បាស់លាស់ និងការពិន័យមានកម្រិតធូរស្រាលផងដែរ ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កនេះ។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលចេញអនុក្រឹត្យថ្មីនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើចត្តាឡីស័ក។

មាត្រា១៣ នៃអនុក្រឹត្យ បានចែងថា បុគ្គលដែលធ្វើចត្តាឡីស័ក ត្រូវអនុវត្តកាតព្វកិច្ចចំនួន ៦រួមមាន៖
១៖ គោរពបទបញ្ជាផ្ទៃក្នុងនៅទីកន្លែងធ្វើចត្តាឡីស័ក
២៖ អនុវត្តតាមវិធានសុវត្ថិភាពផ្នែកសុខាភិបាល តាមការកំណត់របស់ក្រសួងសុខាភិបាល
៣៖ គោរពតាមការណែនាំរបស់មន្ត្រីចត្តាឡីស័ក
៤៖ មិនត្រូវចាកចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័ក
៥៖ សហការជាមួយមន្ត្រីសុខាភិបាលដើម្បីធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩
៦៖ សហការក្នុងការផ្ដល់ព័ត៌មានដល់មន្ត្រីសុខាភិបាល អំពីបុគ្គលដែលសង្ស័យថាអាចមានជំងឺ កូវីដ-១៩ ឬអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នក ដែលត្រូវធ្វើចត្តាឡីស័ក និងផ្តល់ព័ត៌មានផ្សេងទៀតតាមការចាំបាច់។

ក្នុងអនុក្រឹត្យក៏បានចែងពីការផាកពិន័យចំពោះជនគេចវេះពីចត្តាឡីស័ក ឬអ្នកដែលជួយសម្រួលឱ្យជនធ្វើចត្តាឡីស័ក គេចចេញពីកន្លែងធ្វើចត្តាឡីស័កផងដែរ។

មាត្រា២២ បានចែងថា ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១,០០០,០០០រៀល ទៅ ៥,០០០,០០០រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

ដោយឡែកអំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលបានបណ្ដាលឱ្យមានការចម្លងជំងឺកូវដ-១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសតាមកថាខណ្ឌទី២ នៃមាត្រា៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា៧ នៃច្បាប់នេះ បានចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅដល់ ១០លានរៀល។

ក្នុងមាត្រា២២ នៃអនុក្រឹត្យដដែលនេះ ក៏បានចែងដែរថា ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥០០,០០០ រៀល ទៅ ២,០០០,០០០រៀល ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដែលមិនអនុវត្តនូវកាតព្វកិច្ចដូចមានចែងក្នុងចំណុចទី១ និងទី២ នៃមាត្រា១៣ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍ខាងលើនេះ មិនធ្វើឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក រួចផុតពីកាតព្វកិច្ច ក្នុងការធ្វើចត្តាឡីស័កឡើយ។

ដោយឡែកមាត្រា២៣ បានចែងថា ត្រូវពិន័យអន្តរការណ៍ពី ១០,០០០,០០០រៀល ទៅ ៥០,០០០,០០០រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែល ត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬគេចេះពីការធ្វើចត្តាឡីស័ក ឬគេចចេញ ពីកន្លែងធ្វើចត្តាឡីស័ក។

ការពិន័យនេះ ក្នុងករណីដែលការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក ឬការគេចវះពីការ ធ្វើចត្តាឡីស័ក ឬការគេចចេញពីកន្លែងធ្វើចត្តាឡីស័ក មិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ៕