(ភ្នំពេញ)៖ បន្ថែមពីលើច្បាប់គ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗហើយនោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយទៀត ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះធ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងអនុក្រឹត្យដែលមាន៩ជំពូក និង៣៥មាត្រានេះ បានកំណត់ពីការផាកពិន័យចំពោះបុគ្គល និងអ្នកពាក់ព័ន្ធ ដែលមិនគោរពតាមវិធានទាំងឡាយដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

ការពាក់ម៉ាស់ និងរក្សាគម្លាត គឺជាវិធានមួយក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃទៀត។ ក្នុងអនុក្រឹត្យនេះបានចែងពីភាពចាំបាច់ក្នុងការរក្សាអនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតសម្រាប់បុគ្គល និងនៅតាមទីសហគ្រាស ឬអាជីវកម្មនានា។

មាត្រា៥ បានចែងថា ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែងដែលមានហានិភ័យនៃការចម្លង ឬការឆ្លងមេរោគកូវីដ១៩។ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស់ ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងមាត្រា៧ បានចែងពីការរក្សាគម្លាត។ មាត្រានេះបានចែងថា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១.៥០ម៉ែត្រ ហើយត្រូវអនុវត្តជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្ស ច្រើន តាមការកំណត់របស់ក្រសួងសុខាភិបាល។ ក្នុងករណីដែលការរក្សាគម្លាតសុវត្ថិភាពបុគ្គល មិនអាចធ្វើទៅបានដោយមូលហេតុ ជាអាទិ៍ សុខភាព កាយសម្បទា សកម្មភាពការងារ ស្ថានភាពមុខរបរ ឬកាលៈទេសៈនៃសកម្មភាព បុគ្គលនោះត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការពាក់ម៉ាស។

រាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំនៅក្នុងទីកន្លែងរបស់ខ្លួន ដើម្បីធានាថា បុគ្គលិក និងអតិថិជន អាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល នៅពេលរង់ចាំចូល និងពេលកំពុងស្ថិតក្នុង ទីកន្លែងរបស់ខ្លួន។ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម មិនត្រូវទទួលអតិថិជនលើសពីចំនួន ដែលអាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងទីកន្លែងរបស់ខ្លួនឡើយ។

អ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកម្សាន្ត ជាដើម ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ដោយត្រូវកាត់បន្ថយ ចំនួនអ្នកចូលរួមឱ្យនៅកម្រិតអប្បបរមា និងចៀសវាងការជួបជុំដែលមានលក្ខណៈកុះករកកកុញ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រៅតែពីចែងពីការពាក់ម៉ាស់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ហើយនោះ។ ក្នុងអនុក្រឹត្យនេះ បានចែងពីការផាកពិន័យសម្រាប់បុគ្គល ឬម្ចាស់សហគ្រាស អាជីវកម្ម ដែលមិនអនុវត្តវិធានការពាក់ម៉ាស់ និងការរក្សាគម្លាត នៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរផងដែរ។

មាត្រា១៩ បានចែងថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល។

ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការ រក្សាគម្លាតសុវត្ថិភាពសង្គម ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១,០០០,០០០រៀល ទៅ ៥,០០០,០០០រៀល។ ក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច អាចសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមដូចមាន ចែងក្នុងមាត្រា៤ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមដទៃទៀត ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

មាត្រា២០ បានចែងថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនបានអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស់ និងការរក្សាគម្លាត សុវត្ថិភាព ដូចមានចែងក្នុងមាត្រា៦ និងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល។

ក្រសួងស្ថាប័នមានសមត្ថកិច្ច អាចសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលបន្ថែមដូចមានចែងក្នុងមាត្រា៥ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំពោះសហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

ជាការកត់សម្គាល់នៅចំពេលដែលកម្ពុជាកំពុងរងការយាយីខ្លាំងដោយសារជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងច្បាប់ និងប្រកាសឱ្យប្រើជាផ្លូវការនូវច្បាប់ស្តីពីការគ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺឆ្លងកាច់សាហាវ និងប្រកបដោយគ្រោះធ្ងន់ធ្ងរផ្សេងៗ។ បន្ថែមពីលើច្បាប់ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យបន្ថែមទៀត ស្តីពីការគ្រប់គ្រងវិធានការនៃជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងកាចសាហាវដទៃ។

ការតាក់តែងច្បាប់ ក៏ដូចជាអនុក្រឹត្យនេះ បើទោះបីមានការជំទាស់ពីក្រុមអ្នកសិទ្ធិមនុស្សយ៉ាងណាក្តី។ តែសម្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញមកអះអាងថា ច្បាប់ក៏ដូចជាអនុក្រឹត្យធ្វើឡើង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈតែប៉ុណ្ណោះ៕