(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចាត់នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការី បានសំណេះសំណាលដោយផ្ទាល់ ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចក្រឡាហោម ស ខេង ជាពិសេសការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចផ្ទាល់ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ដោយក្នុងម្នាក់ទទួលបានថវិកា ១លានរៀល ជារៀងរាល់ខែ ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។

ឧត្តមសេនីយ៍ ជា សុគន្ធា ព្រមទាំងសហការី ក៏បានអញ្ជើញទស្សនាគ្រាប់យុទ្ធភណ្ឌ សម្ភារសឹក និងបំណែកឆ្អឹងសាកសព ដែលក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ បានស្រង់ឡើងមកលើគោកជាបន្តបន្ទាប់ ក្នុងនោះបើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត។

នាយឧត្តមសេនីយ៍បានបញ្ជាក់ឱ្យដឹងថា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ នឹងដឹកនាំក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះក្រោមទឹក បានមានប្រសាសន៍គោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ដែលបានផ្ដល់ការទុកចិត្តខ្ពស់មកលើក្រុមការងារ និងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់កិច្ចប្រតិបត្តិការនេះ។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានប្ដេជ្ញាចិត្តដឹកនាំក្រុមការងារបន្តបេសកម្មនេះឱ្យទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមរម្លឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេខាងលើនេះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ក្រុមការងារនេះមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន២រូប គឺអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារអន្តរក្រសួងត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំជាប្រចាំ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងបើកកិច្ចប្រជុំជាបន្តបន្ទាប់ រហូតឈានដល់ការបើកប្រតិបត្តិការជាក់ស្ដែង។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យជាក់ស្ដែងនូវលទ្ធផល និងកិច្ចប្រតិបត្តិការរបស់ក្រុមការងារ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមគម្រោងប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីនាវាច្បាំងដែលលិចក្នុងទន្លេ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ជុំវិញកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចក្នុងនាវាចម្បាំងដែលលិចទឹកក្នុងទន្លេ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយចំនួនទៀតមានសមាសភាពមកពីរដ្ឋបាលខេត្តកណ្ដាល និងខេត្តព្រៃវែង។ តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង៕