(តាកែវ)៖ រថយន្ដយោធារបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកពលករមកពីព្រំដែនអូស្មាច់ ដើម្បីធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍រថយន្ដយោធា ដឹកពលករមកពីព្រំដែនថៃ ហើយជួបគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចខាងជើងស្ពានស្លាគូ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានមន្ដ្រីយោធាដែលជាអ្នកបើកបរ រងរបួសបាក់ឆ្អឹងដងកាំបិត និងពលករជាស្ដ្រីម្នាក់រងរបួសត្រូវក្បាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ រថយន្ដនេះដឹកកម្មករ៩នាក់ ដើម្បីទៅធ្វើចត្តាឡីស័កនៅខេត្តតាកែវ និងខេត្តកំពត។

ក្រោយកើតហេតុភ្លាមៗ គេឃើញវត្តមាន ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

តាមការសាកសួរជំហ៊ានដំបូង មូលហេតុដែលនាំឲ្យក្រឡាប់រថយន្ដ ដោយសារអ្នកបើកបរងងុយដេក ព្រោះអស់កម្លាំងដោយសារបើករថយន្ដម្នាក់ឯង ផ្លូវឆ្ងាយតាំងពីព្រំដែនកម្ពុជា-ថៃ៕