(សៀមរាប)៖ ពលករខ្មែរជាង៣០០នាក់បន្ថែមទៀតនៅថ្ងៃទី១២ ខែមីនា ត្រូវបានអាជ្ញាធរខេត្តសៀមរាប ទៅទទួល និងដឹកជញ្ជូនតាមរថយន្តទាហាន ដើម្បីមកធ្វើចត្តាឡីស័កនៅតាមស្រុកគោលដៅនានាក្នុងខេត្តសៀមរាប។ ការដឹកជញ្ជូននេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបិទការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃសម្រាប់អ្នកដែលមានសុខភាពធម្មតា។

នារសៀលថ្ងៃទី១២ ខែ មីនា ក្បួនរថយន្តចំនួន១៧គ្រឿង បានដឹកពលករខ្មែរចំនួន ៣៣២នាក់ ក្នុងនោះមានស្រី ១២៩នាក់ មកពីតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ពលករទាំងនោះ គឺជាអ្នកដែលបានវិលត្រឡប់ពីប្រទេស ហើយបាននិងកំពុងធ្វើចត្ដាឡីស័កនៅតាមមណ្ឌលចត្ដាឡីស័កតាមខេត្តជាប់ព្រំដែន។

ក្រុមពលករខាងលើ ត្រូវបានយកមកពិនិត្យសុខភាពនៅតាមមណ្ឌលចត្ដាឡីស័កចំនួន២ គឺមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគរុកោសល្យខេត្ត និងសាលាបឋមសិក្សាវត្តស្វាយ។ ដោយសារពលករមានចំនួនច្រើន អាជ្ញាធរខេត្តសៀមរាប បានបង្កើនមណ្ឌលចត្ដាឡីស័កចំនួន១បន្ថែមទៀត គឺសាលាបឋមសិក្សាវត្តស្វាយ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣កុំ ចូលរួម និងធ្វើការស្កែន QR Code ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាលបានប្រកាសកន្លងមក។ ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែកបង្ការ ទប់ស្កាត់ និងងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ពីព្រោះថា យើងអាចភ្លេចកូវិដបាន តែកូវិដមិនភ្លេចយើងឡើយ។

បើតាមការបញ្ជាក់របស់លោកស្រី យូ សុភា បានឲ្យដឹងថា ពលករដែលបានមកក្រៅប្រទេស ហើយបានធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែន បានចូលមកកាន់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត គឺចំពោះពលករដែលមិនទាន់បានធ្វើចត្តាឡីស័កនៅតាមព្រំដែន តែចំពោះបងប្អូនពលករ ដែលបានចូលទៅមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាវត្តស្វាយ គឺមានបងប្អូនខ្លះបានធ្វើចត្តាឡីស័កគ្រប់ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ខ្លះមិនទាន់គ្រប់ថ្ងៃត្រូវតែបន្តផងដែរ ។

លោកស្រីបន្ថែមថា បងប្អូនដែលបានចូលមកដល់មណ្ឌលចត្តាឡីស័កមួយចំនួនបានធ្វើការយកសំណាកបានម្តងមកហើយ និង មួយចំនួនបានបំពេញទៅតាមការកំណត់របស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ មួយចំនួនដែលមិនទាន់គ្រប់ គឺត្រូវបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក ក្រោយពេលយកសំណាកបានគ្រប់ចំនួន។ ជាក់ស្តែងផងដែរ បងប្អូនដែលបានធ្វើចត្តាឡីស័កបានគ្រប់ចំនួន និង អ្នកបានយកសំណាកបានគ្រប់ តាមការកំណត់ក៏ត្រូវបានបញ្ជូនឲ្យទៅបន្តធ្វើចត្តាឡីស័កនៅតាមក្រុង ស្រុករបស់ពួកគេរៀងៗខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ មីនាកន្លងទៅ អាជ្ញាធរខេត្តសៀមរាប ក៏បបានដឹកជញ្ជូនពលករពីថៃជាទ្រុងទ្រាយធំផងដែរ ដែលសរុបប្រមាណជាង៧០០នាក់ ដែលសរុបមកដល់ពេលនេះ គឺមានពលករខ្មែរជាងមួយពាន់នាក់ហើយ៕