(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ អំពីការចាប់ផ្ដើមប្រមូលថ្លៃប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ និងទទូចឱ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃសេវាកម្មនេះឱ្យបានគ្រប់គ្នា។

រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែមករា និងខែមុនៗ ក្នុងឆ្នាំ២០២០ ក៏ត្រូវចូលរួមបង់ថ្លៃឱ្យបានត្រឹមត្រូវផងដែរ ពីព្រោះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងឱ្យបានទាន់ពេលវេលាកំណត់ ដោយឡែកចំពោះថ្លៃសេវាប្រមូលសំរាមខែកុម្ភៈ ឆ្នាំ២០២១ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញនឹងប្រើប្រាស់លេខសម្គាល់អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING,
AMK FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា, ប្រាសាក់ ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និង PiPay។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៕