(ភ្នំពេញ)៖ ម្ចាស់ខារ៉ាអូខេ «ពិភពតារ៉ារះ» ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ក្រោយបន្ដលួចបើកអាជីវកម្មរបស់ខ្លួន មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ គ្រាដែលលោកកំពុងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញខារ៉ាអូខេមួយនេះ លួចបើកដំណើរការ និងមានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដ។

ដោយឡែក ក្រៅពីចាប់វាយខ្នោះម្ចាស់ទីតាំងហើយនោះ មនុស្សដែលនៅគឃ្លើនចូលច្រៀងលេងសប្បាយដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាខណ្ឌផងដែរ ដើម្បីធ្វើការអប់រំណែនាំ ទើបអនុញ្ញាតឲ្យត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងបន្ថែមនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់រសៀលនេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនម្ចាស់ទីតាំងខារ៉ាអូខេ «ពិភពតារ៉ារះ» ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

បន្ថែមពីនេះ លោក ហែម ដារិទ្ធិ បានផ្ញើសារសារទៅកាន់ក្រុមអ្នករកស៉ី នៅក្នុងខណ្ឌពោធិ៍សែនជ័យទាំងអស់ ត្រូវអនុវត្តតាមគោលការរបស់អាជ្ញាធរ ដែលបានចុះទៅណែនាំមិនត្រូវប្រព្រឹត្តល្មើសដែលនាំឲ្យមានហានិភ័យនោះទេ ជាពិសេសហាងខារ៉ាអូខេ បើហ៊ានលួចលាក់បើកទៀតនោះ លោកនឹងដឹកនាំកម្លាំងចុះទៅចាប់វាយខ្នោះភ្លាម គ្មានការយោគយល់ឡើយ៕