(តាកែវ)៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួនជនជាតិចិន៥នាក់ និងអ្នករត់ម៉ូតូឌុបចំនួន២នាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកស្រុកបូរីជលសា ក្នុងខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិការចាប់ជនជាតិចិនលួចឆ្លងដែននេះ គឺសហការជាមួយកម្លាំងអធិការនគរបាលស្រុកបូរីជលសារ ហើយក្រោយពីបានធ្វើការឃាត់ខ្លួន ពួកគេត្រូវបានប្រគល់ជូនកម្លាំងនគរបាលដើម្បីធ្វើការសួរនាំបន្ត និងនាំយកទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានបន្ថែមថា ក្រោយសមត្ថកិច្ចជំនាញបានធ្វើការសាកសួរអ្នករត់ម៉ូតូឌុប ដឹកជនជាតិចិនទាំង៥នាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញា អ្នកនាំជនជាតិចិនឆ្លងដែនរួចរាល់អស់ហើយ ហើយមុខសញ្ញាទាំងអស់នោះកំពុងតែរត់គេចខ្លួន។

ពាក់ព័ន្ធនឹងសកម្មភាពឆ្លងដែនខុសច្បាប់តាមច្រកស្រុកបូរីជលសារជាញឹកញាប់នោះ លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ បានថ្លែងថា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមេខ្យល់ ហើយចំពោះពាក្យចចាមរ៉ាមថា មានការពាក់ព័ន្ធនឹងសមត្ថកិច្ចស្រុកនោះ ត្រូវបានលោកអភិបាលស្រុកច្រានចោល។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានជនជាតិចិនជាច្រើននាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ ដែលការលួចឆ្លងដែនដោយខុសច្បាប់នេះ កំពុងតែនាំឲ្យមានការព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩៕