(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសាខា នាំយកថវិកា និងចុះសួរសុខទុក្ខកម្មករកម្មការិនី រងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ៦នាក់ មន្ទីរពេទ្យបង្អែកស្វាយទាបចំនួន៥នាក់ មន្ទីរពេទ្យបង្អែកជីភូចំនួន ៣៦នាក់ និងនៅក្លីនិកបូពារ៍ក្រុងបាវិតចំនួន១១នាក់។

លោក ម៉ែន វិបុល បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកម្មករ-កម្មការិនី ដែលរងគ្រោះថ្នាក់ និងជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ នឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត។

លោកក៏បានផ្តាំផ្ញើរដល់គ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នករងរបួសទាំងអស់ ដោយមិនត្រូវរើសអើងនោះទេ ហើយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា បានរួមចំណែកដោះស្រាយការឆ្លើយតប គ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅពេលដែលរងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ។

លោក ម៉ែន វិបុល បន្តទៀតថា កាកបាទក្រហមកម្ពុជា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈផ្នែកមនុស្សធម៌ ហើយក្រោមការណែនាំផ្ទាល់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឲ្យគ្រប់សាខាទាំងអស់ត្រូវចុះផ្ទាល់ដើម្បីដឹងពីការលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជា ចាស់ជរា ក្រីក្រគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយមិនប្រកាន់និន្នាការនយោបាយឬបក្សពួកអ្វីឡើយ។

លោកក៏បានផ្តាំផ្ញើដល់កម្មកកម្មការិនីទាំងអស់ ត្រូវថែទាំសុខភាពដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ហើយសូមអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវត្រូតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តគ្រប់ប្រភេទមុននឹងធ្វើចរាចរណ៍ បើកបរត្រូវគោរព ច្បាប់ចរាចរណ៍ កុំធ្វេសប្រហែសព្រោះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុដូចក្នុងករណីនេះ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមរួមមាន៖ អ្នករបួសធ្ងន់ចំនួន ៧នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០រៀល អ្នករបួសមធ្យម ៣នាក់ ក្នុងម្នាក់ថវិកា ១៥០,០០០ និងអ្នករបួសស្រាល ៤៨នាក់ ក្នុងម្នាក់ថវិកា ១០០,០០០រៀល ។

សូមជម្រាបដែរថា នៅវេលាម៉ោងប្រហែល ៦៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្តដឹកកម្មករ បើកបរក្នុងល្បឿនលឿន ជែងគ្នាគ្មានការប្រុងប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មករ របួសសរុបចំនួន ៥៨នាក់ ធ្ងន់ ៧នាក់ មធ្យម ៣ ស្រាល៤៨នាក់៕