(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ នេះបើតាមលិខិតអនុញ្ញាតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕