(ភ្នំពេញ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវការអប់រំបរិយាបន្នមួយ កាន់តែប្រសើរឡើងនៅកម្ពុជា អង្គការ ស៊ីអារអែស (CRS) សហការជាមួយនាយកដ្ឋាន អប់រំពិសេស (SED) នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីអភិវឌ្ឍ និងបោះពុម្ពផ្សព្វផ្សាយគំរូ ល្បែងសិក្សាបរិយាបន្ន សម្រាប់គ្រូមត្តេយ្យសិក្សា និងអាណាព្យាបាលសិស្ស (២០១៩)។

ល្បែងសិក្សា ដែលមាននៅក្នុងឯកសារជំនួយស្មារតីនេះ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាចយកមកប្រើប្រាស់ ដើម្បីជួយគាំទ្រដល់កុមារ ដែលមានការលំបាក ក្នុងការមើល ការស្តាប់ ការផ្ចង់អារម្មណ៍ ការថែទាំខ្លួនឯងការប្រាស្រ័យទាក់ទង ចលនាតូច និងចលនាធំជាដើម។

ការរីករាលដាល នៃវិរុសកូវីដ-១៩ នៅឆ្នាំ២០២០ មានផលប៉ះពាល់ដល់ការអប់រំ និងការសិក្សារៀនសូត្រ របស់សិស្សនៅទូទាំងប្រទេស ហើយក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមឲ្យមាននូវកម្មវិធីសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យសិស្សអាចរៀនសូត្រនៅតាមផ្ទះ និងនៅក្នុងសហគមន៍ របស់ពួកគេបាន។

អាស្រ័យហេតុនេះ អង្គការ CRS បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន កីឡា ដើម្បីជួយគាំទ្រដល់ការរៀនពីចម្ងាយ និងតាមប្រព័ន្ធអនឡាញ ដោយយកខ្លឹមសារ នៃឯកសារជំនួយស្តីពីល្បែងសិក្សាបរិយាបន្នសម្រាប់កុមារ ផលិតជាវីដេអូស្តីពីល្បែងសិក្សាបរិយាបន្នចំនួន២០វីដេអូ។

លោកស្រី Elizabeth Pfifer តំណាងអនុតំបន់មេគង្គរបស់អង្គការ CRS ប្រចាំនៅកម្ពុជា បានថ្លែងថា វីដេអូទាំងនេះ មានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងសប្បាយរីករាយ ក្នុងការទស្សនា។ គោលដៅរបស់វីដេអូនេះ ជំនួយដល់គ្រូមត្តេយ្យ អាណាព្យាបាលសិស្ស និងសមាជិកសហគមន៍របស់ពួកគេ ពោលគឺរាល់អ្នកទាំងឡាយណាដែលគាំទ្រដល់កុមារក្នុងការសិក្សា តាមរយៈការលេង។

លោកស្រី Elizabeth បានបន្ថែមថា វីដេអូទាំងនេះ ជាសម្ភារឧបទ្ទេសដ៏មានប្រសិទ្ធភាពមួយ។ គ្រូមត្តេយ្យសិក្សាត្រូវបានចូលរួមថតវីដេអូនេះដោយផ្ទាល់ ដែលជួយធ្វើឲ្យឯកសារជំនួយ ស្តីពីល្បែងសិក្សាបរិយាបន្ននេះ កាន់តែមានភាពរស់រវើក ដើម្បីឲ្យកុមារអាចទទួលបាននូវការសិក្សាបែបមេត្រី និងអភិវឌ្ឍនូវសក្តានុពល របស់ពួកគេ ដោយពេញលេញ នាអំឡុងពេលវ័យកុមារភាព។

ថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ និងលើកទឹកចិត្ត ឲ្យមានការប្រើប្រាស់វីដេអូ ស្តីពីល្បែងសិក្សាបរិយាបន្ន ពីដៃគូពាក់ព័ន្ធទាំងអស់ទូទាំងប្រទេសកម្ពុជា តាមរយៈការចូលទៅក្នុងវ៉ិបសាយរបស់ក្រសួងអប់រំ។

គ្រូបង្រៀនមត្តេយ្យសិក្សា ព្រមទាំងគណៈគ្រប់គ្រងសាលារៀនជាង ១៣,០០០នាក់ នឹងមានសម្ភារឧបទ្ទេសថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់សិស្សានុសិស្សរបស់ខ្លួន។

លើសពីនេះ មាតាបិតា និងអាណាព្យាបាលរបស់សិស្សមត្តេយ្យគ្រប់រូប នៅកម្ពុជាអាចប្រើប្រាស់វីដេអូទាំងនេះ ដោយឥតគិតថ្លៃសម្រាប់បុត្រធីតារបស់ខ្លួន ហើយពួកគេអាចមើល និងលេងនៅតាមផ្ទះរបស់ពួកគេបាន។

ការងារភាពជាដៃគូរវាងនាយកដ្ឋានអប់រំពិសេស និងអង្គការ CRS បានផ្តល់នូវអាទិភាពខ្ពស់ ទៅលើការអប់រំបរិយាបន្ន វីដេអូទាំងនេះ ត្រូវបានផលិតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងសមស្របទៅតាមសេចក្តីត្រូវការ ក្នុងការសិក្សារបស់កុមារមានពិការភាព។

លោក ថោង រិទ្ធី ប្រធាននាយកដ្ឋានអប់រំពិសេស បានថ្លែងថា «វីដេអូទាំងនេះ អាចផ្តល់ជាមគ្គុទ្ទេសក៍ដល់គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ក្នុងការផលិត ល្បែងសិក្សា សម្រាប់លេងជាមួយកុមារ ដើម្បីធ្វើឲ្យពួកគេសប្បាយរីករាយនិងជួយធ្វើឲ្យពួកគេអភិវឌ្ឍន៍ និងលូតលាស់បានល្អ។ នៅពេលកុមារលេងល្បែងសិក្សា ជាមួយឪពុកម្តាយ ជាមួយគ្រូបង្រៀននិងជាមួយកុមារដទៃទៀត ពួកគេមានភាពសប្បាយរីករាយ មានភាពច្នៃប្រឌិត ទំនាក់ទំនងល្អក្នុងសង្គម បំបាត់នូវភាព
ធុញទ្រាន់ មានការប្រឡងប្រណាំង និងរៀនសូត្របានលទ្ធផលល្អប្រសើរ។

អ្នកគ្រូ សុំ សុភា គ្រូបង្រៀននៅសាលាមតេ្ដយ្យសិក្សាអនុវត្ត មានមតិចាប់អារម្មណ៍ថា វីដេអូទាំងនេះ ជួយឲ្យគ្រូមតេ្ដយ្យសិក្សា យល់ច្បាស់អំពីល្បែងសិក្សាបរិយាបន្ន ដឹងពីរបៀបផលិត និងលេងល្បែងជាមួយកុមារនៅតាមសាលារបស់ពួកគេ។ ការលេងល្បែងសិក្សាបរិយាបន្ន ធ្វើឲ្យកុមារមានភាពឆ្លាតវៃ ចេះធ្វើការងារជាក្រុម លើកទឹកចិត្តកុមារឲ្យមានភាពសកម្ម និងបង្កើតភាពសប្បាយរីករាយសម្រាប់ពួកគេ។

អង្គការ CRS ធ្វើការសហការយ៉ាងជិតស្និទ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងនូវប្រព័ន្ធ និងយុទ្ធវិធីផ្សេងៗ ឲ្យកុមារទាំងអស់ ជាពិសេសកុមារដែលងាយរងគ្រោះ និងកុមារត្រូវបានគេផាត់ចោល ទទួលបានសិទ្ធិក្នុងការអប់រំ។

អង្គការ CRS ប្រចាំនៅប្រទេសកម្ពុជា បានលើកកម្ពស់ការអប់រំ បញ្ចូលគ្នាតាំងពីឆ្នាំ២០១០ ហើយបានដាក់បញ្ចូល ការអនុវត្តកម្មវិធីអន្តរាគមន៍ ទាន់ពេលសម្រាប់កុមារ តូចតាំងពីឆ្នាំ ២០១៦ មក។

អង្គការ CRS នឹងបន្តកិច្ចសហការ ជាមួយក្រសួងអប់រំ លើការពិនិត្យស្វែងរកកុមារមានពិការភាព ឲ្យបានទាន់ពេលវេលា ការអប់រំបរិយាបន្ន និងការអភិវឌ្ឍបំណិននៃការលេងនៅថ្នាក់មត្តេយ្យសិក្សា និងធ្វើកិច្ចសហការជាមួយក្រសួងអប់រំដើម្បីផ្សព្វផ្សាយវិធីសាស្រ្តនេះ ទូទាំងប្រទេសតាមរយៈវីដេអូ ស្តីពីល្បែងសិក្សាបរិយាបន្ន។

គូសបញ្ជាក់ថា អង្គការ ស៊ីអារែអស (CRS) គឺជាទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ នៃសហគមន៍កាតូលិក នៅសហរដ្ឋអាមេរិក។ ទីភ្នាក់ងារនេះ ជួយសម្រាលទុក្ខ និងផ្តល់ជំនួយដល់ប្រជាជន ដែលមានតម្រូវការនៅតាមបណ្តារប្រទេសជាង១០០ ប្រទេស ដោយមិនរើសអើងជាតិសាសន៍ សាសនា ឬសញ្ជាតិឡើយ។

ការងារសង្គ្រោះ និងអភិវឌ្ឍន៍របស់អង្គការ CRS ត្រូវបានសម្រេចបានតាមរយៈការឆ្លើយតបបន្ទាន់ ដូចជាមេរោគអេដស៍ សុខភាព កសិកម្ម ការអប់រំ មីក្រូហិរញ្ញវត្ថុ និងការកសាងសន្តិភាព៕