(​តិច​សាស់​)៖ មនុស្ស​បួន​នាក់ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ក្មេង ២​នាក់​ផង​ដែរ បាន​ស្លាប់ បន្ទាប់​ពី​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ទីក្រុង ណា​វ៉ា​សូ​តា (Navasota) ភាគ​ខាងលិច​នៃ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ក្រោយ​ពី​ហោះហើរ​ចេញ​ពី​ព្រលាន បាន​តែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​យន្តហោះ​ដែល​បាន​ធ្លាក់​ខាងលើនេះ ជា​ប្រភេទ​ម៉ាស៊ីន​មួយ មានឈ្មោះ Cirrus SR-20 ដែល​មាន​កៅអី​តែ​បួន​ប៉ុណ្ណោះ សម្រាប់​អ្នកដំណើរ និង​អ្នកបញ្ជា​។ វា​បាន​ធ្លាក់​នៅ​ម៉ោង ៩៖២០​នាទី​ព្រឹក ថ្ងៃអាទិត្យ ម៉ិង​នៅរ​ដ្ឋ​តិច​សាស់ ត្រូវ​នឹង​ពេល​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅ​កម្ពុជា បន្ទាប់ពី​បាន​ព្យាយាម​ចុះចត​នៅ​ព្រលានយន្តហោះ​ទីក្រុង ណា​វ៉ា​សូ​តា​។

​ប៉ូលិស​មក​ពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បាន​បញ្ជាក់​នៅ​នឹង​កន្លែកើតហេតុ​នោះ​ថា យន្តហោះ​ខាងលើនេះ​បាន​ធ្លាក់​ខ្ទេចខ្ទី​តែម្តង ហើយ​មូលហេតុ​ដែល​វា​ធ្លាក់ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​៕​