(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ និងក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តជាប្រចាំនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងរាជធានី-ខេត្តរបស់ខ្លួន។

តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំ និងក្រើនរំលឹកនូវចំណុចមួយចំនួន រួមមាន៖

១៖ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់បំផុត។

២៖ ណែនាំដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ទាំងអស់ រៀបចំជាជនបង្គោល និងវេនប្រចាំការ។ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ការជួបជុំកម្សាន្តតាមបែបប្រមូលផ្ដុំត្រូវបានហាមឃាត់។

៣៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំលេខ ០១០ សណន ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោល (Golf Course) ឱ្យមានប្រសិទ្ធភាព។

៤៖ ចំពោះវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) ដែលបានដាក់ចេញឱ្យអនុវត្តកន្លងមក ក្នុងនោះរួមមានវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក និងផ្លូវគោក សេវាកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យកាន់តែផុលផុស និងអនុវត្តឱ្យបានជាប្រចាំជាងមុនបន្ថែមទៀត តាមរយៈក្រុមការងារបានបង្កើតឡើង។

៥៖ រឹតបន្តឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងបរិវេណមូលដ្ឋានអាជីវកម្មនៅច្រកចូល ឬច្រកចេញ ដោយតម្រូវឱ្យមានការពិនិត្យវាស់កម្ដៅ លាងសម្អាតដៃ និងស្កេន QR CODE ទប់ស្កាត់កូវីដ១៩ (STOP COVID-19) និងមិនត្រូវអនុញ្ញាតឱ្យមានការជួបជុំប្រមូលផ្ដុំគ្នា។

៦៖ ស្នើបន្តរឹតបន្តឹងការបិទចំពោះប្រភេទអាជីវកម្ម សេវាកម្មទាំងឡាយណា ដែលកន្លងមកពុំត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មក្នុងដំណាក់កាលចូលរួមទប់ស្កាត់ការចម្លងដោយជំងឺកូវីដ១៩ ឱ្យបានជាប់ជាប្រចាំ។

៧៖ គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្ម រមណីយដ្ឋាន សហគមន៍ទេសចរណ៍ទាំងអស់ ត្រូវបង្កើនការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលនេះ។ ការល្មើសនឹងបទបញ្ជា ត្រូវទទួលពិន័យទោសតាមបទប្បញ្ញត្តិជាធរមាន។

ខាងក្រោមនេះជាខ្លឹមសារលម្អិតរបស់ក្រសួងទេសចរណ៍៖