(កណ្តាល)៖ ក្មេងប្រុសស្រី២នាក់​ ត្រូវអណ្តាតភ្លើងឆាបឆេះភួយ បណ្តាលឲ្យ​រលាកម្នាក់ស្ទើរសុះខ្លួន ខណៈពួកគេកំពុងដេកលង់លក់​ ក្នុងដំណេក ក្រោយពីម្តាយដុតទានបំភ្លឺផ្ទះ ហើយដើរទៅអង្គុយមើល ទូរទស្សន៍ផ្ទះអ្នកជិតខាងបាត់ នៅម៉ោង៩៖១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិត​នៅ​ក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះទាំងពីរឈ្មោះ ហុង វាសនា ភេទប្រុសអាយុ៧ឆ្នាំ ​​របួស​ស្រាល និងឈ្មោះ ហុង ស្រីម៉ុច អាយុ៥ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់។ ម្តាយឈ្មោះហុង ស្រីទូច ភេទ​ស្រី អាយុ៤០ឆ្នាំ មុខរបរសុំទាន រងរបួសស្រាល និងកូនស្រីម្នាក់ទៀត មិនមានរងរបួសនោះទេ ឈ្មោះ​ហុង ស្រីពេជ អាយុ១២ឆ្នាំ។

នគរបាលបានបន្តថា មុនពេលកើតហេតុស្រ្តីជាម្តាយ បន្ទាប់ពីឲ្យកូនៗដេកហើយនោះ បានយកទៀនមួយ​ដើម មកដុតបំភ្លឺនៅក្បែរកូនរួចហើយ គាត់បានដើរទៅមើលទូរទស្សន៍ ផ្ទះរបស់អ្នកជិតខាង ទៅបន្តរឿង​ភាគថៃ បន្តិចក្រោយមកស្រាប់តែឮសំឡេងកូនៗស្រែក ឲ្យជួយយ៉ាងតក់ក្រហល់ ទើបម្តាយស្ទុះទៅរក កូនទាំងតក់ស្លុតផងដែរ  ពេលទៅដល់ស្រាប់តែឃើញអណ្តាតភ្លើង កំពុងតែឆាបឆេះកូនរបស់ខ្លួន ភ្លាម​ម្តាយបានស្ទុះទៅទាញបានកូនប្រុសម្នាក់ រួចក៏ស្ទុះទៅជួយកូនស្រីទៀត ប៉ុន្តែភ្លើងបានឆាបឆេះកូន​ស្ទើរ​ជិតខ្លួនទៅហើយ ដោយជួយកូនបណ្តើរ ស្រែកឲ្យអ្នកជិតខាងជួយបណ្តើរ ភ្លាមៗនោះអ្នកជិតខាង បាននាំគ្នាទៅជួយទើប មិនបណ្តាលឲ្យឆាបឆេះផ្ទះ។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅដល់ ដើម្បីជួយអន្តរាគមន៍ និងបានបញ្ជូនក្មេងរងគ្រោះទាំងពីរ ទៅសម្រាកព្យាបាល ។ សមត្ថកិច្ចនគរបាលបាន​បញ្ជាក់ថា ករណីភ្លើងឆាបឆេះកូនទាំងពីរបណ្តាលឲ្យរងរបួសនេះ គឺដោយសារស្រ្តីជាម្តាយមានការ ធ្វេសប្រហែលដុតទានហើយដើរចោលផ្ទះ បើពុំដូច្នេះមិនអាចកើតមានហេតុការនេះឡើយ៕