(ព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំបិតត្រាំង បានចេញល្បាតក្នុងភូមិសាស្ត្រ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈពេលពួកគេកំពុងដើរចេញពីភូមិចំណោទរាម បម្រុងដើរឆ្លងថ្នល់ជាតិ៤។

ក្រោយពីឆែកឆេរលើខ្លួនពួកគេមានលាក់ទុកដែកអក្សរតេ (ឧបករណ៍កាច់កម៉ូតូ)ចំនួន១។ នៅវេលាម៉ោង ៨៖៣០នាទីថ្ងៃដដែល អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានប្រគល់ជនសង្ស័យទាំងពីរនោះមកឲ្យកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការស្រាវជ្រាវបន្ដរកបក្ខពួកស្របតាមនីតិវិធី។

នៅវេលាម៉ោង ១៣:០០នាទីថ្ងៃដដែល កម្លាំងជំនាញបានបន្ដទៅឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក និងមានតម្រុយជាប់ពាក់ព័ន្ធក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោកម៉ូតូ) នាពេលកន្លងមកក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ រួមទាំងសម្ភារវត្ថុតាងមួយចំនួន។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង៩នាក់៖

១-ឈ្មោះ យ៉ុង សុខយ៉េន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ
២-ឈ្មោះ ឈើប ឆៃ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ
៣-ឈ្មោះ ស៊ូ រាំបូ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ
៤-ឈ្មោះ ឡា ប៉ៃ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ
៥-ឈ្មោះ ភក្ដ្រ ផល្លី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ
៦-ឈ្មោះ យ៉ាត់ សុឃឿន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់
៧-ឈ្មោះ ឌី វាសនា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់
៨-ឈ្មោះ ភក្ដ្រ ភេន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់
៩-ឈ្មោះ រឿន ភាព អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតបាន៖

*ឧបករណ៍កាច់បំបែកសោករម៉ូតូចំនួន៤ និងកូនសោសម្រាប់កាច់ ចំនួន០១
*ម៉ូតូ១គ្រឿង ម៉ាកScoopy ពណ៌ស គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរស្របតាមនីតិវិធី៕