(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំ ថ្នាក់ជំនាញរវាងកម្ពុជា និងគណៈកម្មការ សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមប្រព័ន្ធវីដេអូ ត្រៀមសម្រាប់កិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EAEU)។

ក្នុងកិច្ចប្រជុំនោះផងដែរលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈកិច្ចប្រជុំថ្នាក់ជំនាញរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលរវាងភាគីទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ពិសេសដើម្បីអាចឈាន ដល់ការផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និង EAEU នាពេលខាងមុខ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចូលរួមពីលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងភាគីកម្ពុជា និងកញ្ញា ហ្គោហា បាសេហ៊ីយ៉ាន់(Gohar Barseghyan) ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សមាហរណកម្ម តំណាងភាគី EAEU។

កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាលើវិស័យសំខាន់ៗ សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា និង EAEU ដែលនឹងប្រព្រឹត្តឡើងឆាប់ៗនេះ។

ភាគីទាំងពីរបានធ្វើបទបង្ហាញ និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើប្រធានបទសំខាន់ៗ រួមមាន៖

១៖ កាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
២៖ គោលដៅយុទ្ធសាស្រ្តសមាហរណកម្មរបស់ គ.ស.អ.អ ដល់ឆ្នាំ២០២៥។
៣៖ គោលនយោបាយប្រកួតប្រជែង របស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)។
៤៖ កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យឧស្សាហកម្ម។
៥៖ សហគ្រិនភាពនៅសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EAEU)។
៦៖ របៀបវារៈឌីជីថល (EAEU’s Digital Agenda)។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ លើប្រធានបទសំខាន់ៗចំនួន៥៖

១៖ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម។
២៖ បច្ចុប្បន្នភាពនៃប្រព័ន្ធអនុគ្រោះពន្ធរបស់ EAEU ផ្តល់ជូនកម្ពុជា និងនីតិវិធីសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU។
៣៖ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងវាយតម្លៃអនុលោមភាព និងវិធានអនាម័យ និងភូតគាមអនាម័យ។
៤៖ គោលនយោបាយកសិ-ឧស្សាហកម្ម។
៥៖ ការដឹកជញ្ជូន។

លោក សំហេង បូរ៉ា បានថ្លែងអំណរគុណ ដល់កញ្ញា Gohar Barseghyan និងសហការីនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ តាមប្រព័ន្ធវីដេអូ៕