(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានទទូច និងអង្វរករ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមមេត្ដាកុំមើលស្រាល នៃស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសកូវីដ-១៩ ដែលបានបន្លែងថ្មី ក្រោយមានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ បានស្លាប់។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវយ៉ាងទទូច ទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏សូមធ្វើការអង្វរករ មិនត្រូវមើលស្រាល ទៅលើលទ្ធភាព នៃការវាយលុកវីរុសកូវីដ-១៩ ជាពិសេសវីរុសដែលបន្លែងថ្មី ដែលធ្វើឲ្យយើងមានសភាពធ្ងន់ធ្ងរ ហើយអាចទៅឈានដល់ការបាត់បង់ជីវិត»

លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ស្ថានភាពអ្នកជំងឺក៏មានអ្នកជំងឺមួយចំនួនទៀត ស្ថិតនៅក្នុងស្ថានភាពលក្ខណៈមិនសូវល្អនោះឡើយ ខណៈដែលក្រុមគ្រូពេទ្យកំពុងតែព្យាយាម ក្នុងការជួយសង្គ្រោះ។

បន្ថែមពីនោះទៀត លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៃការរាលត្បាល នៃការវាយលុកកូវីដ-១៩ រកឃើញជាបណ្ដើរៗ គឺជាស្ថានភាពមួយ ដែលយើងទាំងអស់គ្នា ត្រូវតែមានការព្រួយបារម្ភ។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ពីការស្លាប់អ្នកជំងឺកូវីដ១៩ម្នាក់ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី ដែលជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។

ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វី ដែលជាការកំណត់របស់ប្រមុខ នៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។

សពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថា មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕