(បន្ទាយមានជ័យ)៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង អមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែននគរបាលព្រំដែន នឹងលោកឧត្ដមសេនីយ៍ត្រី ម៉ក់ ឧត្ដម ស្នងការរងទទួលការងារព្រំដែន បានជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានឲ្យដឹងថា ការចុះសួសុខទុក្ខកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យក្នុងភូមិសាស្ត្រតាមគោលដៅគ្រប់គ្រងរបស់វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ រឹតបន្តឹងដល់កងកម្លាំងទាំងអស់ ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បងប្អូនប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ គេចវេស មិនព្រមចូលធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងរកមុខសញ្ញាមេខ្យល់ នាំពលករលួចឆ្លងដែនខុសច្បាប់ផងដែរ។

ក្នុងនោះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕