(ព្រះវិហារ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក សួស សុខដារ៉ា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគូលែន តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ។

លោក សួស សុខដារ៉ា បានថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រយ៉ង់ ស្រុកគូលែន ដែលកំពុងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ មានទំហ៊ំ ៧ម៉ែត្រគុណ ៩ម៉ែត្រ សាងសង់អំពីបេតុងប្រក់ក្បឿង ដោយបំពាក់សម្ភារការិយាល័យ ក្លោងទ្វារ របងជុំវិញ ដែលគ្រោងចំណាយថវិកាសាងសង់សរុបអស់ជាង ២ម៉ឺនដុល្លារ។

លោក សួស សុខដារ៉ា បានថ្លែងបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រយ៉ង់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងសប្បុរសជនជាច្រើនរូបទៀត។

ក្នុងនាមលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ, លោក សួស សុខដារ៉ា បានអរគុណប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ នៅទូទាំងស្រុកគូលែន ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា។

លោកថា ស្របពេលនឹងអគារស្នាក់ការគណបក្សថ្មី បានសាងសង់រួចរាល់ជាស្ថាពរនោះ គឺជាផ្នែកមួយជួយជម្រុញទឹកចិត្តដល់មន្ត្រីបក្សយើងគ្រប់រូប អោយខិតខំបំពេញការងារថែមទៀត ដើម្បីគណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត៕