(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ បានចុះបិទទីតាំងអាជីវកម្មឈ្មោះ Love Guo Ji មានអាសយ័ដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២ កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានធ្វើអាជីវកម្មក្លឹបកំសាន្ត និងខារ៉ាអូខេ ពុំមានលិខិតអនុញ្ញាត និងមិនបានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងសមត្ថកិច្ចពាក់ព័ន្ធ។

គួបញ្ជាក់ថា កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១០ ខែមីនា អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង បានចុះបិទទីតាំងអាជីវកម្មលួចលាក់បើកខារាអូខេ ៣ទីតាំងផ្សេងគ្នា និងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌសង្កាត់ ត្រូវតាមមើលទីតាំងណាដែលលួចបើកខារ៉ាអូខេ ឬក្លឹបកំសាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗ ដោយគ្មានការលើកលែង និងត្រូវអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១មិនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៩នាក់, អ្នកជាសះស្បើយ៤៨នាក់។ តែជាអកុសលអ្នកជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានទទួលមរណភាព នៅព្រឹកថ្ងៃទី១១ ខែមីនានេះ ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺមួយនេះ៕