(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group) បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃស្ថានការណ៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កន្លងមកក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយទឹកជំនន់។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំ និងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកព្រឹត្តិការណ៍២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន៦៥២នាក់៕