(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ថវិកាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្តល់ដល់ក្រុមកីឡាករបាល់ទាត់ Cambodia All Stars នឹងបញ្ជូនទៅដល់រតនាគារជាតិ នៅស្អែក។ ហើយត្រៀមផ្តល់ជូនក្រុមកីឡាករ ក្នុងពេលឆាប់នេះ, នេះបើយោងតាមការប្រកាសរបស់លោក ហង់ ជួនណារ៉ុង បង្ហាញនៅលើ Facebook នាយប់ថ្ងៃទី២៨ ខេកុម្ភៈ ឆ្នាំ២០១៦នេះ។

សូមជំរាបថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ពាក់ព័ន្ធនឹងប្រាក់រង្វាន់នេះដែរ លោក ហង់ ជួនណារ៉ុន តាមរយៈ Facebook បានបញ្ជាក់ថា ប្រាក់រង្វាន់នេះ គឺក្រសួងកំពុងស្នើសុំបញ្ចេញហើយ និងស្នើឲ្យកីឡាករ និងគ្រូបង្វឹករង់ចាំប្រមាណមួយ ទៅពីរសប្តាហ៍ទៀត។ កុំអាលប្រតិកម្មលើបញ្ហានេះ។​

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ បានសម្រេចផ្តល់ប្រាក់រង្វាន់ប្រមាណ ៤៣២លានរៀល ដល់ក្រុមកីឡាករ និងគ្រូបង្វឹក Cambodia All Stars ប្រមាណ ៣៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេបន្ទាប់ពីប្រកួតយកឈ្នះ លើក្រុម Buriram United និងក្រុម Muangthong United FC មកពីប្រទេសថៃ។

សូមជំរាបថា កាលពីម្សិលមិញ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ករណីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមកីឡាករបាល់ទាត់ Cambodia All Stars ដែលប្រកួតឈ្នះក្រុមថៃ Buriram និងក្រុម Muangthong United FC កាលពីពេលថ្មីនេះ មិនពាក់ព័ន្ធនឹងលោក ថោង ខុង ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជានោះទេ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕