(ភ្នំពេញ)៖ លោក សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាទីប្រឹកក្សាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភរិយា ព្រមទាំងលោក តាំង គឹមស្រ៊ុន នាយកគ្រប់គ្រងក្រុមហ៊ុនដីឡូត៌ «មហាជនសួស្ដីគ្រុប» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បាននាំយកសម្ភារមួយចំនួន ទៅចែកជូនដល់កងកម្លាំងនគរបាល កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប្រជាការពារសង្កាត់ចោមចៅទី១ ដែលកំពុងប្រចាំការ ទាំងយប់ទាំងថ្ងៃនៅមណ្ឌលចត្តាឡីស័កមួយកន្លែង នៅជិតផ្សារទួលពង្រ ក្រុមទី៧ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ព្រមទាំងជួយស្ថាបនាស្ពានដែកឆ្លងប្រឡាយមេ១កន្លែង ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិនោះបានប្រើប្រាស់ថែមទៀតផង។

សកម្មភាពប្រកបដោយមនុស្សធម៌ខាងលើនេះ គឺជាការចូលរួមចំណែកប្រយុទ្ធប្រឆាំង COVID-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅមណ្ឌលចត្តាឡីស័កខាងលើនោះ មានកម្លាំងចម្រុះប្រចាំការជាង ៣០នាក់ក្នុងនោះមានកងកម្លាំងនគរបាល កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌពោធិ៍សែនជ័យ និងកងកម្លាំងប្រជាការការពារសង្កាត់ចោមចៅទី១ ដែលបានដាក់ប្រចាំការទាំងយប់ទាំងថ្ងៃតែម្ដង។

សម្ភារដែលលោក សុខ សុគន្ធា និងភរិយា ព្រមទាំងលោក តាំង គឹមស្រ៊ុន នាយកគ្រប់គ្រងក្រុមហ៊ុនដីឡូត៌ «មហាជនសួស្ដីគ្រុប» នាំយកទៅជូនដល់កងកម្លាំងនោះរួមមាន៖ ទឹកសុទ្ធ២០កេស, បាកាស១០កេស, ទឹកក្រូច១០កេស, ទឹកផ្លែឈើ ១០កេស និងកង្ហារ ចំនួន២គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

ស្របពេលនោះដែរ សប្បុរសជនខាងលើ ក៏បានចំណាយថវិកាស្ថាបនាស្ពានដែកឆ្លងប្រឡាយមេ ១ខ្សែប្រវែង១២ម៉ែត្រ សម្រាប់ជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប្រើប្រាស់ធ្វើដំណើរឆ្លងកាត់ទៅមក ដោយស្រួលមិនចាំបាច់វាងផ្លូវនាំឲ្យខាតពេលវេលាឡើយ។

ចំពោះកាយវិការសប្បុរសធម៌នេះដែរលោក កង វង ចៅសង្កាត់ចោមចៅទី១ តំណាងឲ្យកងកម្លាំងចម្រុះខាងលើ និងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សុខ សុគន្ធា អគ្គយករង នៃអគ្គនាយកដ្ឋានពន្ធនាគារនិងភរិយា ព្រមទាំងលោក តាំង គឹមស្រ៊ុន នាយកគ្រប់គ្រងក្រុមហ៊ុនដីឡូត៌ «មហាជនសួស្ដីគ្រុប» ដែលបានគិតគូដល់ដល់កងកម្លាំងនិងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19នេះ៕