(ភ្នំពេញ)៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹង ដែលរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្មមានប្រវែង ៧០ស.ម និងទទឹង២០ស.ម។

លោក លឹម វណ្ណច័ន្ទ បានបន្ថែមថា នេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនង និងសត្វដែលរស់នៅក្នុងពេលដែលដាយណូស័រ នៅមានជីវិត។

ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន នឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ។

តើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា ការស្រាវជ្រាវនេះ គឺដើម្បីឱ្យដឹងពីការវិវត្តនៃតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយធនធានធម្មជាតិតាំងពីដើមមក និងសិក្សាពីសក្តាុនុពលនៃធនធានធម្មជាតិផ្សារភ្ជាប់បច្ចុប្បន្ន និង អតីតកាលនៃធនធានធម្មជាតិ និង បេតិកភណ្ឌនិងចងក្រងទិន្នន័យឱ្យបានច្បាស់លាស់ ប្រយោជន៍ផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍។

លោក នេត្រ ភក្ត្រា បានបន្តថា ក្រៅពីសិក្សាផូស៊ីលឆ្អឹងសត្វនៅកោះប៉ា ក្រុមការងារនាយកដ្នានតំបន់បេតិកភណ្ឌ បានធ្វើកំណាយស្រាវជ្រាវពីផូស៊ីលឈើដែលក្លាយជាថ្ម នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដោយមានការចូលរួមពីអ្នកបច្ចេកទេសពី រាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងវប្បធម៌ អ្នកស្រាវជ្រាវសត្វ, អ្នកធរណីវិទ្យា, ក្រុមការងារស្ម័កចិត្ត និងមន្ត្រីឧទ្យានុរក្ស។ លទ្ធផលកំណាយផូស៊ីលឈើមួយដើមដែលនៅមានរូបរាងជាដើមឈើ បានប្រវែង១៣ម៉ែត្រ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើ ១៨ដើម។

លោក នេត្រ ភក្ត្រា បានបន្តថា ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី បានចុះសិក្សាពីរបកគំហើញថ្មមួយ ស្តីពីផូស៊ីលខ្យងអាម៉ូនីត Ammonite។

អ្វីជា Ammonite? ជាប្រភេទសត្វដែលស្ថិត នៅក្នុងសាខានៃពពួកខ្យង និងពពួកមឹក តាមការពិនិត្យបឋមទំហំសត្វទាំងនេះ មាដល់ ២៥ស.ម។ ពូជប្រភេទនេះ ត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី នៅឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពកភ្នំពីរ។

តាមតារាង នៃGeologic Time Chart ផូស៊ីលអាម៉ូនីត កើតឡើងនៅក្នុងសម័យមេសូស្យូអ៊ីក (ស័កទី២) នៅចន្លោះ ២២៥លាន ដល់៦៥លានឆ្នាំ។ នេះជាទិន្ន័យបឋមក្រុមការងារបន្តសិក្សាជាបន្តទៀតនពេលអនាគត។

បន្ថែមពីនេះអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាបន្ថែមទៀតថា ក្រុមការងារសិក្សាផូស៊ីលរបស់នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណច័ន្ទ បានរកឃើញផូស៊ីលត្រី កាលពីឆ្នាំ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ដែលជាសំណាកត្រីដែលបានកប់ក្នុងដីហើយប្រែក្លាយទៅជាថ្ម។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ភ្នំស្វាយបានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ សំណាកត្រីនេះសល់ផ្នែកខាងក្បាល មានភ្នែក និងព្រុយ នៅពាក់កណ្តាលខ្លួនបែកមួយកំណាត់ផ្នែកកន្ទុយដែលយើងអាចមើលឃើញស្នាមពណ៌ក្រហម មានទំហំប្រមាណ ៣ស.ម និងបណ្តោយ ៨ស.ម និងមានសំណាកផូស៊ីលផ្សេងៗជាច្រើនទៀត ដែលកប់នៅក្នុងថ្មកំបោរមួយដុំ។ យើងមិនទាន់ដឹងថាតើត្រីនេះជាប្រភេទត្រីអ្វីនោះទេ?

ត្រីដែលត្រូវបានកប់ចូលទៅក្នុងដីល្បាប់ដែលមានជាតិកំបោរ ហើយក្រោយមកបានកកជាថ្មកំបោរ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីកាលស្ថិតជាសមុទ្រ ដែលកើតឡើងដោយកំណកនៃសាធាតុកំបោរ តាមរយៈផែនទី Geological map of Cambodia ភ្នំទាំងនេះត្រូវបានកំណត់ក្នុងសម័យកាល Permian (២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាកផូស៊ីលត្រីដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយ៕