(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យមានការរៀបចំប៉ាឆាទូទាំងប្រទេស សម្រាប់បូជាសពអ្នកស្លាប់ទាំងឡាយណា ដែលស្លាប់ដោយសារជំងឺកូវីដ១៩។

នៅក្នុងសារសំឡេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្រ្តី និងអាជ្ញាធរ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្តេចក៏បានបញ្ជាក់ថា បើសិនជាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះជាសាសនិកអ៉ីស្លាម និងជាជនជាតិភាគតិច ត្រូវអនុញ្ញាតឲ្យបញ្ចុះបានតាមពិធីសាសនា និងទំនៀមទម្លាប់ពួកគេ ដោយរកទីតាំងឲ្យបានត្រឹមត្រូវ និងប្រយ័ត្នប្រយ៉ែងបំផុត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងត្រូវរៀបចំឲ្យស្របទៅនឹងទំនៀមទម្លាប់របស់បងប្អូនយើង ដោយមួយផ្នែកត្រូវរៀបចំប៉ាឆា ដើម្បីត្រៀមលក្ខណៈបូជាសម្រាប់សាកសព អ្នកដែលបានស្លាប់ដោយសារកូវីដ១៩ និងមួយផ្នែកទៀតត្រៀមដី សម្រាប់កប់ទៅតាមទំនៀមទម្លាប់របស់បងប្អូនអ៉ីស្លាម និងរបស់បងប្អូនជនជាតិដើមភាគតិច។ នេះជាអ្វី ដែលខ្ញុំចង់បញ្ជាក់ ដើម្បីយើងមានការទទួលខុសត្រូវ»។

បើតាមប្រសាសន៍របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា, ការណ៍ដែលរៀបចំឲ្យមានប៉ាឆា និងទីបញ្ចុះសព ដូចការបញ្ជាខាងលើនេះ មិនមែនជាការប្រមាថអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចមនុស្សអគិតមួយក្រុមលើកឡើងនោះទេ។ សម្តេចតេជោ បានរម្លឹកថា នៅកម្ពុជា ឬនៅលើពិភពលោក សុទ្ធតែមានការត្រៀមក្តាមឈូស ឬរៀបចំវត្ថុជាច្រើនទៀត ទុកសម្រាប់អ្នកដែលស្លាប់ទៅ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕