(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យដឹងថា ការចាក់វ៉ាក់សាំងប្រភេទ Sinopharm សម្រាប់ដូសទី១ ត្រូវផ្អាកជាបណ្ដោះអាសន្នដោយរង់ចាំទទួលបន្ថែមពីក្រសួងសុខាភិបាល ប៉ុន្តែសម្រាប់អ្នកដែលចាក់ដូសទី២ នៅបន្តជាធម្មតាតាមពេលវេលា និងតាមទីកន្លែង។

តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះបានបញ្ជាក់ទៀតថា សម្រាប់វ៉ាក់សាំងប្រភេទ AstraZenecaz នៅបន្តចាក់ជាធម្មតាជូនប្រជាពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើង។

សាលាខេត្តព្រះសីហនុបានបញ្ជាក់ទៀតថា សម្រាប់វ៉ាក់សាំងប្រភេទ Sinopharm គឺទទួលបានចំនួន ៦៦០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមាន អាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំចំនួន ៣៣០០នាក់ (២ដូស/ម្នាក់) ដោយឡែកវ៉ាក់សាំង AstraZeneca រដ្ឋបាលខេត្តទទួលបានពីក្រសួងសុខាភិបាលចំនួន ១៥០០០ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕