(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន៥ គោលដៅនៅ​រាជធានីភ្នំពេញ និង៤ទីតាំង នៅ​តាមផ្លូវជាតិសំខាន់ ហើយក៏មានការពង្រឹង នៅតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីសុវ​ត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។

លោកឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់នេះ ថាប៉ុស្តិ៍ត្រួតពិនិត្យ៥ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ គឺនៅផ្លូវវេងស្រេង ផ្លូវ២៧១ ផ្លូវ២០០៤ ផ្លូវជាតិលេខ១ និងខណ្ឌឫស្សីកែវ។ ចំនែកនៅផ្លូវជាតិសំខាន់ចំនួន៤ទៀត កម្លាំងសមត្ថកិច្ច ក៏ដាក់ប៉ុស្តិ៍ត្រួតពិនិត្យផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ១។

ក្រៅពីនោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជា ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តស្វាយរៀង ដែលដាក់ពង្រាយ៥គោលដៅ ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង។

កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕