(ព្រះសីហនុ)៖ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ មានរថយន្តតាក់ស៊ីចំនួន ៣គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា៖

*ទី១៖ ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-6375 គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្ស១នាក់ប្រុស (ខ្មែរ) និងឥវ៉ាន់មានគ្រឿងសមុទ្រ៦កេះ។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

*ទី២៖ ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-8943 ដឹកមនុស្សចំនួន ៣នាក់ ស្រី ០១នាក់ ប្រុស ០២នាក់ (ខ្មែរ) និងឥវ៉ាន់មាន អង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់។ បានបើកបរវាងតាមផ្លូវល្បឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

*ទី៣៖ ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយលេនដឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកមនុស្សពីរនាក់ប្ដីប្រពន្ធ (ខ្មែរ) និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ២គ្រឿង ទូរទស្សន៍ ១គ្រឿង ម៉ាកសាប។ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រថយន្ដទាំង០៣ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ លោកថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

អ្នកនាំពាក្យ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕