(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យចំនួន៨ របស់ចិនក្នុងការបណ្ដុះបណ្ដាលភាសាខ្មែរ ដល់គ្រូបង្រៀន និងនិស្សិតជនជាតិចិន ខណៈភាគីចិន នឹងបញ្ជូននិស្សិតរបស់ខ្លួនចំនួន៣០នាក់ ក្នុងមួយសាកលវិទ្យាល័យ ដោយឡែកកម្ពុជា នឹងបញ្ជូនគ្រូ យ៉ាងតិចចំនួន១០នាក់ ក្នុង១ឆ្នាំ ទៅបង្រៀននៅចិន។ នេះជាការបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីបានប្រជុំពិភាក្សាជាមួយសាកលវិទ្យាល័យទាំង៨ នៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលពេញមួយរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជានឹងឈានទៅរៀបចំចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាទាំង៨ ដែលមានដូចជាទី១៖សាកលវិទ្យាល័យភាសាបរទេសប៉េកាំង, ទី២៖ សាកលវិទ្យាល័យភាសាបរទេសធានជីន, ទី៣៖ សាកលវិទ្យាល័យភាសាបរទេសគ័ងតុង, ទី៤៖ សាកលវិទ្យាល័យភាសាបរទេសគ័ងសុី, ទី៥៖ សាកលវិទ្យាល័យជាតិខេត្តគ័ងសុី, ទី៦៖ សាកលវិទ្យាល័យជាតិខេត្តយូណាន, ទី៧៖ សាកលវិទ្យាល័យគរុកោសល្យយូណាន និងទី៨៖ សាកលវិទ្យាល័យហ័ងហឺ»

លោកបណ្ឌិត សុខ ទូច បានបន្តថា «សម្រាប់សាកលវិទ្យាលទាំង ៨របស់ចិន ក្នុងមួយសាកលវិទ្យាល័យគេនឹងបញ្ជូននិស្សិតមកសិក្សាភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា ចំនួន៣០នាក់ ហើយដំណាក់កាលដំបូងរាជបណ្ឌិត្យសភាកកម្ពុជានឹងបញ្ជូនគ្រូជនជាតិខ្មែរ ក្នុងមួយឆ្នាំចំនួន ១០នាក់យ៉ាងតិចបំផុត ដោយឡែកប្រាក់ខែ និងស្នាក់នៅ គឺភាគីចិនជាអ្នករាប់រង ប៉ុន្តែ យើងគ្រាន់តែចេញថ្លៃហូបចុក»។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា៖ «អីឡូវនេះយើងមិនទាន់និយាយទេដោយសារតែកូវីដ-១៩ តែយើងអាចបង្រៀនតាមអនឡាញ (Online) បានគឺបង្រៀនពីខ្មែរ អីឡូវបណ្ឌិតមកពីចិន អាចមកកម្ពុជាស្អែក ឬខានស្អែក មក៥នាក់ មករៀននៅបណ្ឌិត្យសភាកម្ពុជា ប៉ុន្តែ ត្រូវធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានសុខាភិបាលរួចរាល់សិន»

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ត្រង់ចំណុចនេះចង់បញ្ជាក់ថា កម្ពុជាមិនមែនត្រឹមតែប ញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនោះទេ ប៉ុន្តែ កម្ពុជាមានលទ្ធភាពបញ្ជូនបញ្ញាវន្ត ហើយនៅថ្ងៃខាងមុខទៀត អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗទៀត។ ខណៈបច្ចុប្បន្ននេះ មានអ្នករិះគន់ថាហេតុអ្វីចិននៅខ្មែរ តែមិនចេះនិយាយភាសាចិន ដូច្នេះ កម្ពុជានឹងបង្រៀនជនជាតិឱ្យចេះភាសាខ្មែរផងដែរ ដើម្បីងាយស្រួលទំនាក់ទំនងគ្នា។

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច បានគួសបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាការងារនារសៀលនេះ រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្ដុះបណ្ដាលភាសាខ្មែរដល់គ្រូបង្រៀន និងនិស្សិតជនជាតិចិន ដែលក្នុងនោះមានចំណុច ៥សំខាន់ៗ ដែលត្រូវបានឯកភាពគ្នា៖

ទី១៖ ការរៀបចំកម្មវិធីសិក្សារួមគ្នា។

ទី២៖ ការរៀបចំសៀវភៅសម្រាប់បណ្ដុះបណ្ដាល ដើម្បីឱ្យត្រូវនឹងបរិបទនៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន ដោយមានការឯកភាពរវាងភាគីរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យទាំង៨។

ទី៣៖ ការបញ្ជូនគ្រូបង្រៀនទៅធ្វើការបណ្ដុះបណ្ដាល ដោយក្នុងនោះភាគីចិន ជាអ្នកទទួលបន្ទុកផ្ដល់ប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន។

ទី៤៖ ការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក រវាងភាគីកម្ពុជា និងភាគីចិន។

និងទី៥៖ ឈានទៅរៀបចំកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ដើម្បីរៀបចំឯកសារទៅជាពីរភាសាគឺ ភាសាខ្មែរ និងភាសាចិន ដែលនឹងបង្កលទ្ធភាពងាយស្រួល អាចឱ្យប្រជាជននៃប្រទេសទាំងពីរយល់ដឹងពីគ្នាទៅវិញទៅមកបាន៕