(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានច្រានចោលករណីផ្ញើរសារជាសំលេងបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ហើយក៏មានការចែករំលែកតតគ្នា ដោយលើកឡើងថា មានករណីជនផ្ទុកជំងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុកនៅក្បាលហុងពោធិ៍សាត់ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ធ្វើឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច បានបញ្ជាក់ថា៖ «ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមគោរពជម្រាបជូនដល់សាធារណៈជន និងប្រជាពលរដ្ឋរស់នៅក្នុង ខេត្តពោធិ៍សាត់មេត្តាជ្រាបថា ករណីនេះគឺជាព័ត៌មានមិនពិត បំភ្លៃបំផ្លើសទាំងស្រុង គិតមកដល់ពេលនេះខេត្តពោធិ៍សាត់ ពុំទាន់មានករណ៍វិជ្ជមានកូវីដ-១៩ នោះទេ ដោយរដ្ឋបាលខេត្ត បានចូលរួមអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ជាទីបំផុត»។

ចំពោះករណីនេះ រដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តពោធិ៍សាត់ កំពុងធ្វើការស្រាវជ្រាវស្វែង រកជនដែលបានបង្ហោះព័ត៌មាន មិនពិតធ្វើឱ្យមានភាន់ច្រឡំដល់សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់តាមនីតិវិធីច្បាប់។

បើទោះបីជាក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះ មិនមានករណីវិជ្ជមានជំងឺកូវីដ-១៩ យ៉ាងក្តី រដ្ឋបាលខេត្តនៅតែអំពាវនាវាដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការណ៍ «៣ការពារ និង៣កុំ»៖ ត្រូវពាក់ម៉ាស ត្រូវលាងដៃ និងត្រូវរក្សាគម្លាតបុគ្គល ៣កុំ៖ កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ និងកុំប៉ះពាល់គ្នា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់៖