(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញធ្វើបទបង្ហាញពីបទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តារគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូចអន្តរាគមន៍លេខ១។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការហ្វឹកហ្វឺននាពេលនេះ មានសារៈសំខាន់ណាស់ក្នុងការបណ្តុះនូវពុទ្ធិ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ តាមរយៈវិធានមួយចំនួនដូចជា ការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យកម្លាំងយើងយល់ដឹងអំពីបទដ្ឋានប្រតិបត្តិស្តង់ដារក្នុងការការពារខ្លួន ការពារក្រុមគ្រួសារ និងការពារការឆ្លងរីករាលក្នុងអង្គភាព។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណត ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មាន៣ដំណាក់កាលធំៗ៖

*ទី១៖ ការស្វែងរកយ៉ាងរហ័សឲ្យឃើញនូវអ្នកដែលវិជ្ជមាន និងអ្នកទាំងទ្បាយណា ដែលមានការពាក់ព័ន្ធដើម្បីធ្វើការប្រមូលផ្តុំដាក់ ក្នុងមណ្ឌលចត្តាទ្បីស័ក ធានាទប់ស្កាត់បានការឆ្លងរីករាលដាលទៅដល់អ្នកដទៃ។ ក្នុងដំណាក់កាលនេះ ក្រុមពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានដើរតួនាទីជាកម្លាំងជួរមុខយ៉ាងសំខាន់ ហើយបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ អស់រយៈកាលជិតពីរឆ្នាំមកហើយ ដោយបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ។

ដូច្នេះសូមកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាលប្រកបដោយភាពអង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ។

*ទី២៖ ការប្រមូល គ្រប់គ្រង និងពិនិត្យឲ្យបានហ្មត់ចត់ដល់អ្នកដែលជាប់មានការសង្ស័យ ដើម្បីធ្វើចត្តាទ្បីស័ក ធានាទប់ស្កាត់បាននូវការរីករាលដាលជាបន្តបន្ទាប់ ហើយសូមគ្រប់បណ្តាអង្គភាពទ័ពធ្វើការរៀបចំអគារដាច់ដោយទ្បែកមួយ ប្រកបដោយបទដ្ឋានស្តង់ដារ និងការអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ សម្រាប់ធ្វើជាមណ្ឌលចត្តាទ្បីស័កដល់យោធិនរបស់ខ្លួន និងក្រុមគ្រួសារ ដែលនេះជាការជួយសម្រាលបន្ទុកដល់បណ្តាមជ្ឈមណ្ឌលចត្តាទ្បីស័ក របស់រាជរដ្ឋាភិបាល។

នៅក្នុងដំណាក់កាលនេះ កម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយកម្លាំងដែលទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមដើម្បីចូលរួមគាំទ្រនៅក្នុងប្រតិបត្តិការគ្រប់គ្រង តំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតឡើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

*ទី៣៖ ការព្យាបាលដើម្បីធានាបាននូវការជាសះស្បើយ សម្រាប់អ្នកជំងឺគ្រប់រូប ទោះបីជាជំងឺកូវីដ-១៩ បានបំលែងខ្លួនយ៉ាងក៏ដោយក៏យើងបន្តរក្សា នូវការប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ ព្រោះសន្ទុះនៃការឆ្លងបានកើនទ្បើងគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានទាំងករណីនាំចូល និងទាំងករណីរីករាលដាលក្នុងសហគមន៍ តែយើងមិនបានបាត់នូវភាពម្ចាស់ការក្នុងការគ្រប់គ្រង និងព្យាបាលឡើយ ហើយថែមទាំងបន្ត យកចិត្តទុកដាក់កើនឡើងក្នុងការទប់ស្កាត់កុំ ឲ្យមានការរីករាលដាលខ្លាំងជាងនេះទៀត ជាពិសេសក្នុងអំទ្បុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាព ដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេសក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញដល់ការហ្វឹកហ្វឺននេះ ព្រមទាំងអរគុណដល់កងកម្លាំង សម្រាប់ទឹកចិត្តក្លាហានមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕